(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតជូនលោក Dato' Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅព្រឹទ្ធសភា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ សម្ដេចតេជោ ​ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះ លោករដ្ឋមន្រ្តី និងប្រតិភូដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងចាត់ទុកដំណើរទស្សនកិច្ចនាពេលនេះ គឺជាផ្នែកមួយនៃការជំរុញនូវការងារទំនាក់ទំនង រវាងប្រទេសម៉ាឡេស៊ី និងកម្ពុជាឲ្យកាន់តែល្អប្រសើរ។ និយាយដោយឡែក គឺទាក់ទងទៅនឹងវិស័យទេសចរណ៍ និងវប្បធម៌ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

រដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី បានអរគុណដល់សម្ដេចតេជោដែលបានឆ្លៀតពេលដ៏មមាញឹក និងផ្ដល់ឱកាសដល់លោកផ្ទាល់ និងសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកបានលើកឡើងពី សក្ដានុពលទេសចរណ៍ រវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសចំនួននៃការកើនឡើង នៃទេសចរណ៍កម្ពុជា ទៅកាន់ម៉ាឡេស៊ី នាពេលឆ្នាំកន្លងមក ក៏ដូចជាពេលបច្ចប្បន្នដែរ ហើយក៏ការរីកចម្រើន នៃការទស្សនាពីប្រជាជនម៉ាឡេស៊ី មកកាន់ព្រះរាជាណាចកក្រកម្ពុជាផងដែរ។

លោក Dato' Sri Tiong King Sing បានសុំស្ដាប់យោបល់របស់សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតក្នុងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរនេះ។ សម្ដេចតេជោ បានផ្ដល់យោបល់ឲ្យប្រទេសទាំងពីរ ពង្រីកទំនាក់ទំនងទេសចរណ៍ជាមួយគ្នា ឲ្យកាន់តែរីកចម្រើន តាមរយៈការបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរ នៃប្រទេសទាំងពីរ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ សម្ដេចតេជោ​​ បានលើកឡើង ដោយស្នើឲ្យមានការពង្រីកនៅជើងហោះហើរបន្ថែម ពីម៉ាឡេស៊ីមកកាន់កម្ពុជា។ ក្រៅពីជើងហោះហើរមកកាន់រាជធានីភ្នំពេញ សម្ដេចតេជោ បានស្នើបង្កើននូវជើងហោះហើរទៅកាន់ខេត្តសៀមរាប និងក្រុងព្រះសីហនុបន្ថែមទៀត ដើម្បីជាផ្នែកនៃការពង្រីកវិស័យទេសចរណ៍ រវាងប្រទេសទាំងពីឲ្យកាន់តែរីកចម្រើន ជាពិសេសការពង្រឹងឲ្យប្រជាជន នៃប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែល្អប្រសើរ ដែលជាផ្នែកមួយនៃការរុញច្រាននៃទំនាក់ទំនងទ្វេរភាគីឲ្យកាន់តែរីកចម្រើន បន្ថែមលើអ្វីដែលមានស្រាប់ ដែលភាគីទាំងពីរ កំពុងជំរុញនូវផ្នែកសេដ្ឋកិច្ច វិនិយោគជាមួយគ្នានាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។

តាមរយៈនេះ សម្ដេចតេជោ បានឲ្យស្នើរដ្ឋមន្រ្តីទេសចរណ៍ នាំសាររបស់សម្ដេចតេជោ ពាក់ព័ន្ធបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដើម្បីប្រាប់ទៅកាន់លោក អាន់ វ៉ា ដែលជាប្រធាន អាស៊ាននាពេលបច្ចុប្បន្ន ដោយសម្ដេចបានពន្យល់អំពី ស្ថានភាពពិតប្រាកដនៃការកើតឡើងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ជាពិសេស ការចាប់ផ្ដើមចេញពីការសម្លាប់ទាហ៊ានខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ ដែលជាការប្រមាថមកលើកម្ពុជា និងជាការឈ្លានពានមកលើកម្ពុជារបស់យើង។

ទន្ទឹមនេះ សម្ដេចបានបញ្ជាក់អំពី រឿងរ៉ាវជម្លោះដែលបង្កឡើងដោយថៃ ជាពិសេសគឺការបិទច្រកព្រំដែនដោយឯកតោភាគី និងការប្រមាថរបស់ភាគីថៃមកលើកម្ពុជា តាមរយៈការគម្រាមបិទអគ្គីសនី​អ៊ិនធើណេត ការប្រមាថមកលើពលករកម្ពុជា ហើយកម្ពុជាបានធ្វើការឆ្លើយតបទៅវិញ ដែលជាវិធានការមួយទាន់ពេលវេលា និងមិនអនុញ្ញាតឲ្យបរទេស ជាពិសេស ប្រទេសថៃប្រមាថមកលើ ប្រជាជនយើង ប្រទេសជាតិយើង និងមោទនភាពដែនដីនៃជាតិយើងនោះទេ។ ដូច្នេះ សម្ដេចបានពន្យល់អំពី ទិដ្ឋភាពជាក់ស្ដែងពិតប្រាកដ ដែលបានកើតឡើងចំពោះ លោករដ្ឋមន្ត្រី ដើម្បីលោករដ្ឋមន្រ្តីនាំសារទៅកាន់នាយករដ្ឋមន្រ្តី ម៉ាឡែស៊ី ដែលជាប្រធានអាស៊ាន នៅក្នុងឆ្នាំនេះ។

លើសពីនេះ សម្ដេចតេជោ បានលើកឡើងនូវ យន្តការរបស់កម្ពុជាដែលបានធ្វើដែលកម្ពុជានឹងរក្សានូវជំហរ ដោះស្រាយបញ្ហាដោយសន្តិវិធី ដូច្នេះទើបកម្ពុជាអនុវត្តការចរចារទ្វេរភាគី ប៉ុន្តែការចរចារគ្មានប្រសិទ្ធភាព ទើបកម្ពុជាសម្រេចបញ្ជូនរឿងក្ដី ទៅតុលាការអន្តរជាតិ ICJ ដែលជាយន្តការតាមច្បាប់អន្តរជាតិ បែបចាស់ទុំ ផ្អែកតាមទិដ្ឋភាពច្បាប់។ ដូច្នេះ យន្តការរបស់កម្ពុជា ជាយន្តការស្របតាមច្បាប់ដែលសម្ដេចតេជោ ស្នើឲ្យប្រធានអាស៊ានមានការគាំទ្រ ពីព្រោះកម្ពុជាមិនចង់មានជម្លោះរវាងប្រទេសជិតខាងទេ ដោយឡែកក្នុងករណី​ប្រសិនបើមានការឈ្លានពាន បន្តទៀតគឺកម្ពុជា រក្សាក្នុងការការពារខ្លួន ហើយអាចវាយបកត្រឡប់វិញ។

សម្ដេចតេជោ បានបញ្ជាក់ថា ទាំងអស់នេះគឺជាមូលហេតុសំខាន់ដែលកម្ពុជាសម្រេចចិត្តនាំរឿងក្ដីទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ ICJ ព្រោះមិនចង់នាំរឿងក្ដីទៅកាន់ អាស៊ាន នាំឲ្យអាស៊ានឈឺក្បាលទេ។ ប៉ុន្តែយន្តការនេះ គឺជាយន្តការដែលពិភពលោកជួយដោះស្រាយ ដើម្បីរកភាពត្រឹមត្រូវ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃប្រទេសម៉ាឡេស៊ី សន្យាផ្ញើសារទាំងអស់នេះទៅកាន់ នាយករដ្ឋមន្រ្តីដែលជាប្រធានអាស៊ាន ដើម្បីពិនិត្យថា លោកប្រធានអាស៊ាន មានការគិត និងដោះស្រាយដោយរបៀបណា ចំពោះបញ្ហាដែលកើតមានឡើងរវាងកម្ពុជា-ថៃ ដែលកើតមានឡើងនាពេលនេះ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសម្ដែងការគាំទ្រ សម្រាប់យន្តការរបស់ សម្ដេចតេជោ ក្នុងការដោះស្រាយនូវបញ្ហានេះ ជាពិសេសយន្តការដែលផ្ញើរឿងក្ដីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ៕