(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធទិវាយោគៈអន្តរជាតិ លើកទី១១ នៅទីលានជល់ដំរី ខាងជើងប្រាសាទបាយ័ន ក្រោមប្រធានបទ «យោគៈសម្រាប់ផែនដីតែមួយ និងសុខភាពតែមួយ»។
ទិវានេះដែរ ក្រោមវត្តមានរបស់លោក គុជ បញ្ញាសា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍, លោក Wanlavawna bawithrung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា,លោក ប៊ូ ជំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ព្រមទាំងសិស្សានុសិស្សជាច្រើនចូលរួមផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក គុជ បញ្ញាសា បានលើកឡើងថា ទិវាយូហ្គាអន្តរជាតិ បានប្រារព្ធធ្វើឡើងដំបូងនៅឆ្នាំ២០១៥ ហើយជារៀងរាល់ឆ្នាំធ្វើឡើង ក្រោមប្រធានបទផ្សេងៗគ្នា ហើយឆ្នាំនេះ គឺជាឆ្នាំលើកទី១១ ដែលបានប្រារព្ធទិវានេះឡើង។ ហេតុផលមួយចំនួននៃការប្រារព្ធយោគៈនេះ ដើម្បីលើកកម្ពស់ផ្លូវកាយ ផ្លូវចិត្ត និងកាយសម្បទា លើកកម្ពស់សុខមាលភាពសាធារណៈ ក៏ដូចជាជំរុញសតិសម្បជញ្ញៈរបស់យើង ឲ្យរស់នៅក្នុងសុខសន្តិភាព ពង្រឹងការរួបរួម សុខដុមរមនីយកម្មជាសកល លើកកម្ពស់ការចូលរួមនូវលំហាត់ប្រាណ ដើម្បីរាងកាយ និងផ្លូវចិត្ត។
លោកបន្តថា « យោគៈ » មិនត្រឹមតែជាលំហាត់ប្រាំប៉ុណ្ណោះទេ តែវាក៏ជារបៀបនៃការរស់នៅជាមួយជីវិត និងបានបង្រៀនយើងឲ្យរស់នៅក្នុងបច្ចុប្បន្នកាល ដឹងគុណនូវអ្វីដែលខ្លួនយើងមាន ក៏ដូចជាមនុស្សនៅជុំវិញយើងទាំងអស់គ្នា ជាពិសេស គឺសេចក្តីសប្បុរសធម៌រវាងខ្លួនយើងជាមួយនឹងពិភពលោក។
លោកបន្ថែមថា កម្មវិធីយោគៈនៅកម្ពុជា ក៏ជាការជំរុញ និងលើកកម្ពស់ជាសាធារណៈនៅក្នុងផលិតផលទេសចរថ្មីមួយ ក្នុងគោលដៅនៃកម្ពុជា ដើម្បីជំរុញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរឥណ្ឌាមកវិនិយោគ និងទស្សនានៅកម្ពុជា។ ស្រមជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរកម្ពុជា-ឥណ្ឌា និងយុទ្ធនាការឆ្នាំទេសចរកម្ពុជា-ឥណ្ឌា ឆ្នាំ២០២៥ និងការជំរុញរវាងទេសចរប្រទេសទាំងពីរ ក៏ដូចជាទេសចរនៅក្នុងតំបន់។
លោក គុជ បញ្ញាសា បញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ៦លាន ៧សែននាក់ ក្នុងនោះដែរ មាន៨ម៊ឹននាក់ ជាភ្ញៀវទេសចរឥណ្ឌា ដែលបានមកលេងព្រះរាជាណាចក្រកម្ពុជា និងបង្ហាញអំពីសក្តានុពលដ៏សំខាន់នៃទេសចររវាងប្រទេសទាំងពីរ។
លោក Wanlavawna bawithrung បានលើកឡើងថា យោគៈកើតចេញពីប្រទេសឥណ្ឌា នឹងមានអាយុកាលរាបពាន់ឆ្នាំមកហើយ។ យោគៈ ក៏បានក្លាយជាសម្បត្តបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល។
លោកបន្តថា ដោយមើលឃើញពីគុណតម្លៃ និងគុណប្រយោជន៍នៃការហាត់យោគៈនេះ ដូច្នេះហើយ នៅថ្ងៃទី១១ ខេធ្នូ ឆ្នាំ២០១៤ អង្គការសហប្រជាជាតិ បានអនុម័តទទួលស្គាល់ទិវាយោគៈអន្តរជាតិ នៅថ្ងៃទី២១ ខែមិថុនា។ ហើយថ្ងៃនេះយើងក៏ប្រារព្ធខួប១០ឆ្នាំ នៃការទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។
លោកបានបន្តថា ប្រធានបទយោគៈឆ្នាំនេះ «យោគៈសម្រាប់ផែនដីតែមួយ សុខភាពតែមួយ» បានបង្ហាញពីការពិតមួយថា សុខភាពមនុស្សម្នាក់ៗ និង ផែនដីមានទំនាក់ទំនងគ្នាទៅវិញទៅមក។ យោគៈ ពង្រឹងរាងកាយ ធ្វើឱ្យចិត្តស្ងប់ និងជំរុញការយល់ដឹង និងការទទួលខុសត្រូវខ្ពស់ក្នុងជីវិតប្រចាំថ្ងៃ។ ការយល់ត្រូវ (សម្មាទិដ្ឋិ)នេះ ធ្វើឱ្យយើងម្នាក់ៗជ្រើសរើសរបៀបរស់នៅដែលមានសុខភាពល្អ និងប្រកបដោយនិរន្តរភាពជាងមុន។
ជាមួយនេះដែរ លោកស្រី ម៉ននី រង្សី ទិវានេះ គឺឱកាសមួយក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានស្គាលកម្ពុជា ស្គាល់ប្រាសាទអង្គរវត្ត ហើយក៏ជាការទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្ពុជា ជាពិសេសខេត្តសៀមរាបកាន់តែច្រើនថែមទៀតផងដែរ៕