(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៥ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពី «ការផ្សារភ្ជាប់ការអនុវត្តក្របខណ្ឌគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងវិធានការគន្លឹះនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ក្នុងគោលបំណងផ្សព្វផ្សាយអំពី លទ្ធផលនៃការត្រួតពិនិត្យ និង វាយតម្លៃការគ្រប់គ្រងបុគ្គលិកនៅតាមបណ្ដាអង្គភាពប្រចាំឆ្នាំ ២០២៤ ព្រមទាំងប្រមូលធាតុចូលជុំវិញក្របខណ្ឌគ្រប់គ្រង និង អភិវឌ្ឍធនធានមនុស្សឆ្នាំ ២០២៤-២០២៨ របស់ក្រសួង សំដៅចូលរួមគាំទ្រការអនុវត្តវិធានការគន្លឹះនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។
ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងក្រសួងមុខងារសាធារណៈ និង តំណាងមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណ ៤០០ នាក់។
ថ្លែងក្នុងពិធីនោះ, បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គពិធីថា សិក្ខាសាលានាថ្ងៃនេះ មិនត្រឹមតែមានការពិនិត្យ និង វាយតម្លៃការអនុវត្តក្របខណ្ឌគ្រប់គ្រង និង ការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងប៉ុណ្ណោះទេ ប៉ុន្តែក៏មានការបង្ហាញអំពីយន្ដការការងារ ដែលមានភាពប្រទាក់ក្រឡា និង កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការបន្ស៊ីការអនុវត្តសកម្មភាព ជាមួយនឹងវិធានការគន្លឹះនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។
លើសពីនេះ, ស្របតាមទិសដៅនៃកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ការត្រៀមលក្ខណៈសម្រាប់ធ្វើទំនើបកម្មប្រព័ន្ធការងារគន្លឹះៗ និង ចាំបាច់មួយចំនួនទៀត ក៏ត្រូវបានលើកយកមកជជែកពិភាក្សាផងដែរ ជាពិសេស ការប្រមូលធាតុចូល ដើម្បីពង្រឹងយន្តការគ្រប់គ្រងសមិទ្ធកម្មរបស់បុគ្គលិក-មន្ត្រីរាជការ សំដៅកំណត់ឱ្យបានច្បាស់លាស់ នូវលទ្ធផលការងាររបស់មន្ត្រីម្នាក់ៗ តម្រូវការមន្ត្រីជាក់ស្ដែង ការពង្រឹងសមត្ថភាពមន្ត្រីផ្ទៃក្នុង និង ការពង្រាយមន្ត្រីឱ្យចំជំនាញ និង តម្រូវការពិតប្រាកដ របស់អង្គភាពក្រោមឱវាទក្រសួង ។
បណ្ឌិតសភាចារ្យ បានគូសរំលេចថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប្រកបដោយឆន្ទៈកែទម្រង់ដ៏ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដោយបន្តផ្តោតសំខាន់លើអភិបាលកិច្ច និង ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ។ ជាមួយគ្នានេះ, មុំទី ២ នៃស្នូលយុទ្ធសាស្ត្របញ្ចកោណ ផ្តោតលើការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និង ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដែលមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាងធនធានមនុស្សប្រកបដោយ សមត្ថភាព, ជំនាញ, និង ក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និង ការទទួលខុសត្រូវ ។
លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការដែលសកម្មមួយ ជូនរាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេស ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រ របស់មុំទី ២ នៃស្នូលយុទ្ធសាស្ត្របញ្ចកោណ តាមរយៈការដាក់ចេញនូវ ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០៣០ «ក្នុងការប្រែក្លាយជាស្ថាប័ននៃឧត្តមភាពប្រកបដោយសមត្ថភាព និង គុណវុឌ្ឍិគ្រប់គ្រាន់ សម្រាប់បំពេញបេសកកម្មស្នូល និង ពាក់ព័ន្ធក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល» ។
លោកបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ របស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសម្រេចបាននាពេលកន្លងមក ទាំងក្នុងការអនុវត្តមុខងារស្នូល និង មុខងារពាក់ព័ន្ធ ជាពិសេស ការងារគាំទ្រដល់កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការគ្រប់គ្រង និង ការអភិវឌ្ឍធនធានមនុស្ស សំដៅកសាងធនធានមនុស្សនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព គុណវុឌ្ឍិ សមត្ថភាព និង ផលិតភាព ដើម្បីឆ្លើយតបឱ្យបានពេញលេញ ចំពោះការវិវត្តនៃសង្គម-សេដ្ឋកិច្ច និង បច្ចេកវិទ្យាព័ត៌មាន ។
លោកបណ្ឌិតសភាចារ្យ បានក្រើនរំលឹកផងដែរថា ដើម្បីឱ្យការងារគ្រប់គ្រងបុគ្គលិកមានភាពត្រឹមត្រូវ សង្គតិភាព និង ប្រសិទ្ធភាព ចាំបាច់ទាមទារឱ្យមានកិច្ចសហការ និង ការចូលរួម ពីគ្រប់អង្គភាពក្រោមឱវាទក្រសួង ។ ក្នុងន័យនេះ, គ្រប់អង្គភាពក្រោមឱវាទ និង បុគ្គលិក-មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវរាល់បទប្បញ្ញត្តិច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ និង គោលការណ៍ណែនាំជាធរមាន ។
លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា គ្រប់អង្គភាពក្រោមឱវាទក្រសួងត្រូវបន្ដយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រង និង ការអភិវឌ្ឍធនធានមនុស្សផ្អែកលើគុណាធិបតេយ្យ ការលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម ជាពិសេស ការប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ ឱ្យអស់ពីលទ្ធភាព និង សក្ដានុពល ក្នុងន័យពង្រឹងគុណភាព ជាជាងពង្រីកបរិមាណមន្ត្រី ស្របតាមអភិក្រម ៤ ត្រូវ គឺ៖ រើសត្រូវ បណ្តុះបណ្តាលត្រូវ ប្រើប្រាស់ត្រូវ និង ទុកដាក់ត្រូវ សំដៅរួមចំណែកអនុវត្តវិធានការគន្លឹះនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ៕