(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ និងមានការចូលរួមពីក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញបានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណ សង្គ្រោះ ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញចំនួន២០គ្រួសារសព ដោយក្នុងមួយគ្រួសារសពទទួលបានថវិកា ៤,០០០,០០០រៀល ជាថវិការបស់សមាគមអតីយុទ្ធជនកម្ពុជា ព្រមទាំងលិខិតចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារផងដែរ។
ឧត្តមសេនីយ៍ឯក ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញបានលើកឡើងថា: តាងនាមជំនួសមុខថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ជាន់ថ្នាក់សូមពាំនាំនូវបណ្តាំសាកសួរសុខទុក្ខចំពោះ បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលថ្នាក់ដឹកនាំសមាគមអតីយុទ្ធជនកម្ពុជា នៅគ្រប់កាលៈទេសៈតែងមានការនឹករលឹកគិតគូរពីសុខទុក្ខចំពោះបងប្អូនជានិច្ចដោយមិនបោះបង់ចោលបងប្អូនអតីតយុទ្ធជននោះឡើយ ពោលគឺខិតខំដោះស្រាយគ្រប់មធ្យោបាយទាំងអស់ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ប្រចាំថ្ងៃឲ្យកាន់តែល្អប្រសើរឡើង។
នៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្នក៏ដូចកន្លងទៅនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ អនុវត្តតាមគោលការណ៍ដឹកនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជា តែងតែអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងឧបត្ថម្ភជាអំណោយបន្តបន្ទាប់ជាប្រចាំជូនចំពោះបងប្អូនសមាជិកសមាគមដែលមានជីវភាពខ្វះខាត ដើម្បីលើកទឹកចិត្តក៍ដូចជាការចូលរួមដោះស្រាយទុក្ខលំបាករបស់បងប្អូននិងក៍ដើម្បីជាការបង្ហាញ ទឹកចិត្តតបស្នងដឹងគុណនូវអ្វីដែលជាការលះបង់សព្វបែបយ៉ាងរបស់បងប្អូននិងក្រុមគ្រួសារអតីតយុទ្ធជនចំពោះជាតិនិងមាតុភូមិ។
ប្រធានក៏បានសំណូមពរដល់បងប្អូនគ្រួសារអតីតយុទ្ធជនកម្ពុជា ត្រូវបន្តជឿជាក់និងគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាពនិងមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខថែមទៀតហើយជាពិសេសលើការងារដោះស្រាយវិវាទព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី៕