(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរក្សាភាពស្ងៀមស្ងាត់ កុំមានការព្រួយបារម្ភ កុំមានការភិតភ័យ ជឿតាមតាមការញុះញង់ និងព័ត៌មានមិនច្បាស់លាស់ មួយចំនួនតាមបណ្តាញសង្គមហ្វេកប៊ុក TikTok ហើយរត់ទៅឆ្វេង រត់ទៅស្តាំ ផ្ទុយទៅវិញត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ពិសេសកុំដើរញុះញង់បះបោរ បំភិតបំភ័យស្តីពីសភាពការណ៍ព្រំដែន កម្ពុជា-ថៃ សព្វថ្ងៃ។​

ការថ្លែងអំពាវនាវរបស់អភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសដែលលោក និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ប្រារព្ធពិធីសូត្រមន្តថ្វាយព្រះរាជពិធីជម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៩ព្រះវស្សា យាងចូល៩០ព្រះវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅវត្តរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥​។

លោក មាន ចាន់យ៉ាដា បានថ្លែងប្រាប់ប្រជាពលរដ្ឋត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរនៅមូលដ្ឋាន កុំដើរញុះញង់ កុំបះបោនាំឲ្យកើតចលាចល ត្រូវតាមដានស្តាប់សភាពការណ៍ជាក់ស្តែង ប៉ុន្តែទោះបីជាសភាពការណ៍ មិនទាន់កើតក៏ពិតមែន បងប្អូនក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។​

នៅក្នុងពិធីនេះ ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ សូមលើកអញ្ជលិប្រណម្យ បួងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះឫទ្ធានុភាព នៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណា ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមតាមជួយទ្រទ្រង់ថែរក្សាការពារ និងប្រោះព្រំ ប្រទានព្រះពរជ័យ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលខ្លាំងក្លា ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណភ្លឺថ្លា ជានិច្ចនិរន្តរ៍តរៀងទៅ។​

ដើម្បីអបអរសាទរ ពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ គម្រប់ខួប៨៩ព្រះវស្សា យាងចូល៩០ព្រះវស្សា សាខាកាកបាទក្រហមកម្ពុជា បានចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំនួន៣០គ្រួសារផងដែរ៕