(សៀមរាប)៖ បន្ទាប់ពីខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៩​ ខែមិថុនា ឆ្នាំ២០២៥​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងគណៈប្រតិភូអមដំណើរ បាន​បន្តអញ្ជើញជួបសំណេះសំណាល ជាមួយមន្រ្តីកសិកម្ម​ឃុំ-សង្កាត់ នៅក្រុងសៀមរាប​ ខេត្តសៀមរាប​ ដែលជាខេត្តចុងក្រោយនៃដំណើរទស្សនកិច្ចការងារវគ្គនេះ។

រដ្ឋមន្រ្តី ​បានលើកឡើងប្រាប់ប្អូនៗអំពីគោលនយោបាយក្នុងវិស័យកសិកម្ម​ ដែលផ្តោតអាទិភាពលើ​ការធានា​សន្តិសុខ​ស្បៀង​ ការលើកកម្ពស់ជីវភាពកសិករ​ និងការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ​ និងទស្សនាទាន​ «មានហូប​ មានប្រើ មានបាន​ និងមានរហូត» ដែលក្រសួងកំពុងជំរុញអនុវត្ត​យ៉ាងសកម្ម។

លោកបានសង្កត់ធ្ងន់ថា​ សន្តិសុខស្បៀង​ ទាំងសម្រាប់កសិករ​ ទាំងសម្រាប់ប្រជាពលរដ្ឋអ្នកទទួលទានក្នុងស្រុក​ មិនថាក្នុងកាលៈទេសៈណា​ ឬសេដ្ឋកិច្ចកម្ពុជារីកចម្រើនយ៉ាងណា​​ គឺជាអាទិភាពខ្ពស់បំផុតនៃវិស័យ​កសិកម្មកម្ពុជា។

រដ្ឋមន្ត្រី ក៏បានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាពទី៥​ និងទី៦​ របស់រាជរដ្ឋាភិបាល​នីតិកាលទី៧​ ដែលកំពុងជួយដល់បងប្អូនកសិករ​នៅទូទាំងប្រទេស​លើបច្ចេកទេស​ផលិតកម្ម​ ការសម្រប​សម្រួលទីផ្សារ​ ការរក្សាលំនឹងថ្លៃ កសិផលសំខាន់ៗក្នុងកម្រិតសមរម្យ​ និងការប្រមូលផ្តុំជាសហគមន៍កសិកម្មទំនើប ដោយសម្រេចបានលទ្ធផល​ល្អប្រសើរជាបន្តបន្ទាប់​ក្នុងការលើកស្ទួយជីវភាព​ប្រជាកសិករ។

ជាមួយគ្នានេះ​ លោកបានលើកទឹកចិត្តឱ្យប្អូនៗមន្ត្រីកសិកម្មឃុំចេះសម្របសម្រួលជាមួយរដ្ឋបាលឃុំ​-ស្រុក​ មន្ទីរកសិកម្ម​ និងអង្គភាពពាក់ព័ន្ធ​ ដើម្បីប្រសិទ្ធភាពការងារ​ និងបន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ​តាមតួនាទីភារកិច្ច​ ដើម្បីទទួល​បានការគាំទ្រ​ និងទំនុកចិត្តកាន់តែច្រើនថែមទៀតដែលអាចបើកឱកាសឱ្យប្អូនៗចាប់យកតួនាទីក្នុងក្រុមប្រឹក្សាឃុំ-ស្រុក-ខេត្ត​ នាពេលអនាគត។

គិតត្រឹមពេលនេះ​ រដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំចំនួន​ជាង​ ២០០នាក់​ ក្នុងខេត្តចំនួន៤​ គឺកំពង់ធំ,​ ព្រះវិហារ,​ ឧត្តរមានជ័យ​ និងសៀមរាប៕