(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា ស្ថានការណ៍តាមបណ្ដោយបន្ទាត់ព្រំដែនខេត្តកោះកុង ជាមួយប្រទេសថៃ គ្មានភាពតានតឹង ឬប្រឈមមុខគ្នាដោយកម្លាំងប្រដាប់អាវុធឡើយ។
លោកស្រីអភិបាលខេត្ត បានឱ្យដឹងថា ខេត្តកោះកុង បានត្រៀមទីតាំងសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្បែរបន្ទាត់ព្រំដែនប្រឈមនឹងគ្រោះថ្នាក់ក្នុងករណីកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ ឈានដល់ការផ្ទុះអាវុធ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ, លោកស្រីអភិបាលខេត្ត បានអះអាងថា៖ «នៅចំពោះខេត្តកោះកុង ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ គ្រាន់តែបន្ថយម៉ោងក្នុងការបើកព្រំដែនតែប៉ុណ្ណោះ និងបានអនុវត្តតាមវិធានការបិទមិនឱ្យផ្លែឈើ និងបន្លែរបស់ខេត្តនាំចូលពីប្រទេសថៃ»។
ជាមួយគ្នានេះដែរ លោកស្រីអភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តក៏បានរៀបចំទីតាំងជម្រកស្នាក់នៅបណ្ដោះអាសន្ន ព្រមទាំងមធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ អគ្គិសនី និងទឹកស្អាត សម្រាប់ដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅករណីកើតឡើងជាយថាហេតុណាមួយជាដើម។
សូមរម្លឹកជាថ្មីថា ស្ថានការណ៍ព្រំដែនកម្ពុជា បានឡើងកម្ដៅជាលំដាប់ បន្ទាប់ពីកងទ័ពថៃ បានបើកការឈ្លានពាន និងលបលួចវាយប្រហារមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា តាំងពីយូរលង់ណាស់មកហើយ នៅក្នុងភូមិសាស្ត្រភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យវីរៈយុទ្ធជន សួន រ៉ោន បាត់បង់ជីវិតទាំងព្រឹកព្រលឹម។
ឆ្លើយតបទៅនឹងហេតុការណ៍ផ្ទុះអាវុធបង្កឡើងដោយភាគីថៃ, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅជប៉ុន បានបញ្ជាឱ្យចល័តទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន គឺដើម្បីការពារបូរណភាពទឹកដី។ ជាមួយគ្នារដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃក៏បានណែនាំទៅកាន់អភិបាលខេត្តដែលជាប់បណ្ដោយព្រំដែនកម្ពុជាថៃត្រូវត្រៀមជម្លៀសពលរដ្ឋមកកាន់ទីតាំងដែលមានសុវត្ថិភាព។
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានព្យាយាមអំពាវនាវ និងហាមឃាត់ពលរដ្ឋកម្ពុជា កុំឱ្យបញ្ឆេះស្ថានការណ៍ព្រំដែនឱ្យរាលដាលដល់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតរាប់ទាំងពាណិជ្ជកម្មជាដើម។ ប៉ុន្តៃកងទ័ពថៃ បានបិទទ្វារព្រំដែនដោយចិត្តឯង មិនជូនដំណឹងមកកម្ពុជាជាមុនឡើយ ចំំណែកមន្ត្រីជាន់ខ្ពស់ថៃ បានគំរាមកាត់ផ្ដាច់អគ្គិសនី និងអ៊ិនធឺណិត ឈប់ផ្គត់ផ្គង់ឱ្យកម្ពុជាប្រើប្រាស់។
ជាការឆ្លើយតប កម្ពុជា បានពន្យាម៉ោងបើកទ្វារព្រំដែន និងកាត់ផ្ដាច់ឈប់ប្រើប្រាស់អ៊ិនធឺណិតពីប្រទេសថៃ។ វិធានការឆ្លើយតបរបស់កម្ពុជា ត្រូវបាននាយករដ្ឋមន្ត្រីថៃ ថាកម្ពុជា យល់ច្រឡំចំពោះព័ត៌មាននេះ ប៉ុន្តែ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីវិមានព្រឹទ្ធសភាថា កម្ពុជាមិនបានយល់ច្រឡំលើរឿងនេះឡើយ។ កម្ពុជា បានឈានដល់ដំណាក់កាលបិទការចូលបន្លែ ផ្លែឈើ ពីប្រទេសថៃតាមព្រំដែន។
ក្រោយស្ថានការណ៍ដើរដល់ដោយឮចំណុចនេះ ភាគីថៃ បានហៅចរចាបើកព្រំដែនឡើងវិញ ប៉ុន្តែជំហររបស់កម្ពុជា គឺកងទ័ពថៃជាអ្នកបិទទ្វារព្រំដែនមុន ដូច្នេះថៃត្រូវតែបើកមុនដូចគ្នា កម្ពុជាមិនចូលទៅចរចាជាមួយថៃឡើយ៕