(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សមាគមយុវជនឌីជីថលកម្ពុជា-ចិន (CCDYA) បានដឹកនាំយុវជនឌីជីថលល្បីៗលើបណ្តាញសង្គមចំនួន ១៦នាក់ មកពីប្រទេសកម្ពុជា និងប្រទេសចិន ដែលមានចំនួនអ្នកតាមដានសរុបរហូតដល់ ១០,៤លាននាក់ ដើម្បីជួបពិភាក្សាជាមួយក្រសួងទេសចរណ៍កម្ពុជា និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ គោលបំណងនៃការជួបពិភាក្សានេះគឺដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ចិន ការផ្សព្វផ្សាយឌីជីថល និងការផ្សព្វផ្សាយការទស្សនាកម្ពុជានៅរដូវកាលបៃតង។

ក្នុងជំនួបពិភាក្សា អ្នកឧកញ៉ា លីម ហ៊ួរនីតូ ប្រធានសមាគម បានធ្វើរបាយការណ៍ ជូនលោករដ្ឋមន្ត្រី ហួត ហាក់ ស្តីពីសមិទ្ធិផលរបស់សមាគម ចាប់តាំងពីបង្កើតមក ក្នុងការលើកកម្ពស់ទេសចរណ៍វប្បធម៌កម្ពុជា-ចិន។ ក្នុងរយៈពេល៦ខែកន្លងមក សមាគមបានរៀបចំយុវជនឌីជីថលកម្ពុជាល្បីៗក្នុងបណ្តាញសង្គម ដើម្បីធ្វើទស្សនកិច្ច និងផ្សព្វផ្សាយនៅក្នុងតំបន់នានានៃប្រទេសចិន ដូចជា ខេត្តយូណាន ហាប៊ីន ហៃណាន និងកន្លែងផ្សេងទៀតក្នុងប្រទេសចិន ហើយបានផ្សព្វផ្សាយយ៉ាងសកម្មនូវតំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌របស់កម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដូចជាវីដេអូ ការផ្សាយបន្តផ្ទាល់ និងភាពយន្តខ្លីជាដើម។ ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជាលើបណ្តាញសង្គម ទទួលបានការទស្សនលើសពី ៨០ លានដងរួចមកហើយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងផ្សព្វផ្សាយតំបន់សក្កានុពលវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

លោករដ្ឋមន្ត្រី ហួត ហាក់ បានឱ្យតម្លៃខ្ពស់ចំពោះការងាររបស់សមាគម ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់ក្នុងការលើកកម្ពស់ការភ្ជាប់គ្នារវាងវិស័យវប្បធម៌និងទេសចរណ៍កម្ពុជា-ចិន។ លោកក៏បានលើកទឹកចិត្តឱ្យសមាគមបន្តចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅដល់ភ្ញៀវទេសចរចិន និងពិភពលោក ជាពិសេសក្នុងឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍បាននិងកំពុងអនុវត្តនូវយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃបតង (Green Season) ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជានារដូវកាលនេះ។

រដ្ឋមន្រ្តី ក៏បានអំណរគុណ KOL និង Influencers កម្ពុជា ចិន ដែលបានជួយ និងបន្តជួយផ្សព្វផ្សាយពីព័ត៌មានពិតរបស់ប្រទេសកម្ពុជា និងជួយលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយតាមរយៈការផលិតមាតិការូបភាព និងវីដេអូល្អៗ ជាពិសេសការចូលរួមសហការផ្សព្វផ្សាយអំពីកម្ពុជា ជាប្រទេសមានសុខសុវត្ថិភាពចំពោះភ្ញៀវទេសចរ ជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជម្រើសការស្នាក់នៅ និងការកំសាន្តដ៏សំបូរបែប ម្ហូបអាហារដ៏មានឱជារសជាច្រើន។ លោកក៏បានលើកឡើងថាបុគ្គល១ម្នាក់ KOL និង Influencers គឺជាទូតសុឆន្ទៈ ក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក៕