(បន្ទាយមានជ័យ)៖ បន្ទាប់ពីជួបសំណេះសំណាល​ និងសួរសុខទុក្ខកងទ័ពនៅកងពលអន្តរាគមន៍លេខ២​ ទិសទី៣​ នារសៀលថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០២៥​នេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងគណៈប្រតិភូអមដំណើរ បាន​បន្តអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្ម​ឃុំ-សង្កាត់ នៅក្រុងសំរោង​ ខេត្តឧត្តរមានជ័យ។

លោករដ្ឋមន្រ្តី ​បានលើកឡើងអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥​ និងទី៦​ របស់រាជរដ្ឋាភិបាល​នីតិកាលទី៧​ ដែលតាមរយៈនេះ​ ប្អូនៗមន្ត្រីកសិកម្មឃុំ​ចំនួន​ ១​ ២៥០នាក់​ ត្រូវបានជ្រើសរើស​​ និងកំពុងបំពេញការងារ​ ខណៈដែលចំនួន៣៥០នាក់ទៀត កំពុងត្រៀមជ្រើសរើស​បន្ថែម​ ដើម្បីដាក់ពង្រាយនៅទូទាំងប្រទស​ និងដើម្បីជួយគាំទ្របច្ចេកទេស​ ផលិតកម្ម​ និងទីផ្សារជូនបងប្អូនកសិករ។

ក្នុងការអនុវត្តតួនាទី​ និងភារកិច្ចរបស់មន្ត្រីកសិកម្មឃុំ លោករដ្ឋមន្ត្រីបានណែនាំឱ្យប្អូនៗ ធ្វើការវាយតម្លៃស្ថានភាពឱ្យបានច្បាស់លាស់​ និងស្នើសុំការគាំទ្របន្ថែមពីអ្នកជំនាញក្រសួង​ក្នុងករណីចាំបាច់​ តាមប្រព័ន្ធ​ Hotline លេខ១២៨៩​ មុននឹងផ្តល់ការឆ្លើយតប​ ឬដំណោះស្រាយទៅប្រជាកសិករវិញ​ ដើម្បីធានាបាននូវគុណភាព​ និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការឆ្លើយតប​ ក៏ដូចជាជំនឿទុកចិត្តរបស់កសិករមកលើប្អូនៗ។

លោកបានបន្ថែមថា​ ការងារ​សំខាន់មួយទៀតរបស់ប្អូនៗ​ គឺត្រូវព្យាយាមពន្យល់ប្រជាកសិករ ឱ្យមានការគិតវិជ្ជមានចំពោះវិស័យកសិកម្ម​ ផ្អែកលើទស្សនាទាន​ «មានហូប​ មានប្រើ​ មានបាន​ និងមានរហូត»,​ ជួយវិភាគ​សេដ្ឋកិច្ច​ និងគណនាថ្លៃដើមផលិតដល់កសិករ​ និងលើក​ទឹកចិត្តកសិករ ឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប​ ដើម្បីក្រសួងអាចផ្តល់ការគាំទ្រ បានកាន់តែច្រើនថែមទៀត ខណៈដែលក្រសួង​នឹងបន្តខិតខំអនុវត្តយន្តការរក្សាលំនឹងតម្លៃកសិផលសំខាន់ៗ ក្នុងតម្លៃសមរម្យជូនកសិករ៕