(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងសហការី ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍។
បន្ថែមពីនេះ ក្នុងជំនួបបានពិភាក្សាការងារលើវឌ្ឍនភាព និងការត្រៀមលក្ខណៈសម្រាប់ការបើកដំណើរការសាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅប្រទេសកម្ពុជា។
សាលាវិជ្ជាជីវៈទេសចរណ៍ ត្រូវបានគាំទ្រ និងផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) សម្រាប់ធ្វើការបណ្តុះបណ្តាលលើ៖ ទី១ ផ្នែកសេវាកម្មសណ្ឋាគារ និងស្នាក់នៅទេសចរណ៍, ទី២ ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, ទី៣ ផ្នែកសេវាកម្មធ្វើដំណើរ និងទី៤ ផ្នែកសេវាកម្មទេសចរណ៍ ដែលស្របទៅតាមស្តង់ដាជាតិ និងអាស៊ាន។
ជាមួយគ្នានេះ សាលាវិជ្ជាជីវៈទេសចរណ៍ នឹងផ្តល់នូវតម្លៃសិក្សាសមស្របតាមលទ្ធភាពសិស្ស និងនិសិ្សត ដើម្បីទទួលបាននូវជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដា និងប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា។
សាលាវិជ្ជាជីវៈ មាន២ទីតាំង គឺនៅរាជធានីភ្នំពេញស្ថិតនៅផ្លូវលេខ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំ ៤,០០០ម² មា នអគារចំនួន២ ខាងមុខ ២ជាន់ និង ខាងក្រោយ៤ជាន់ ហើយនៅខេត្តព្រះសីហនុ គឺស្ថិតផ្លូវសុភមង្គល ភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ (ជាទីតាំងមន្ទីរទេសចរណ៍ខេត្ត) សាងសង់លើផ្ទៃដីទំហំ១.៧៧៥ ម៉ែត្រការ៉េ មានអាគារចំនួន១ កំពស់៤ជាន់ លយមកខាងមុខ១ជាន់។
បច្ចុប្បន្ននេះ សាលាវិជ្ជាជីវៈទាំងពីរ បានសាងសង់ចប់ជាស្ថាពរ និងបានបំពាក់សម្ភារៈបរិក្ខារស្ទើរតែទាំងស្រុងហើយ ដោយគ្រោងបើកដំណើរការសាកល្បង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។
ឆ្លៀតក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនថាបេសកកម្មរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងល្អ ដោយមានការគាំទ្រ និងស្រឡាញ់រាប់អានពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា ហើយបារាំង នៅតែបន្តគាំទ្រកម្ពុជា។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានធ្វើសកម្មភាពយ៉ាងច្រើនរួមគ្នា ជាពិសេស លើគម្រោងសាលាវិជ្ជាជីវៈទេសចរណ៍ដ៏មានសារៈសំខាន់ និងដំបូងគេបង្អស់នៅកម្ពុជា ព្រមទាំងបានជូនពរដល់លោកឲ្យបានទទួលជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មការទូតដ៏ឧត្តុងឧត្តមនាពេលអនាគត៕