(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីគយថៃ ប្រចាំខេត្តច័ន្ទបុរី បានស្នើសុំជួបសមត្ថកិច្ចកម្ពុជា នៅចំណុចស្ពានព្រំដែន ដើម្បីនាំចូលបន្លែ និងផ្លែឈើដូចធម្មតាវិញ ប៉ុន្ដែសំណើនេះត្រូវបានភាគីកម្ពុជាបដិសេធចោល។

តាមរយៈជំនួបនោះ ភាគីថៃបានស្នើសុំឲ្យភាគីកម្ពុជា នាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន ព្រោះបន្លែ និងផ្លែឈើងាយឆាប់ខូច។

ភាគីកម្ពុជា បានឆ្លើយតបទៅភាគីថៃវិញថា បើភាគីថៃបើកព្រំដែនឲ្យដំណើរដូចមុនវិញ (ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់) ភាគីកម្ពុជា នឹងបើកឲ្យនាំចូលបន្លែ ផ្លែឈើធម្មតាវិញ តែបើមិនបើកដូចមុនទេនោះ កម្ពុជានឹងបន្ដបិទដដែល៕