(កំពង់ធំ)៖ លោក ហាក់ ម៉ុង ហួត​ អភិបាលស្រុកតាំងគោក នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃ ១៨៣នាក់ ស្មើនឹង ៤៥គ្រួសារ ដែលមានទីលំនៅនៅភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកតាំងគោក នឹងបានលើកទឹកចិត្តឱ្យរកមើលការងារក្នុងប្រទេសដើម្បីធ្វើវិញ ខណៈខេត្តកំពង់ធំ ក៏កំពុងត្រូវការកម្លាំង​ពលកម្មជាច្រើន​កន្លែងផងដែរ។

នៅក្នុងជំនួបនេះដែរលោក ហាក់ ម៉ុង ហួត ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាពិសេសលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋ ជាពិសេសពលករដែលធ្វើការចំណាកស្រុកផងដែរ។

លោក ហាក់ ម៉ុង ហួត ក៏បានលើកចិត្តឱ្យបងប្អូនពលករ ងាកមករកការងារធ្វើក្នុងស្រុកវិញ ខណៈខេត្តកំពង់ធំ ក៏មានរោងចក្រ សហគ្រាសជាច្រើន នឹងកំពុងមានតម្រូវការកម្លាំងពលកម្មជាច្រើនកន្លែងផងដែរ ខណៈប្រាក់ខែ ក៏មិនចាញ់ការងារនៅក្រៅប្រទេសនោះឡើយ។

សូមបញ្ជាក់ដែរថា ក្រសួងការងារ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅថ្មីៗ បានចេញសេចក្តីជូនដំណឹង ស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ដែលមានការងាររហូតដល់ជាង ២៣ម៉ឺនកន្លែង កំពុងត្រូវការកម្លាំងពលកម្មនៅតាមសហគ្រាស និងគ្រឹះស្ថាននានានៅប្រទេសកម្ពុជា។

ដើម្បីទទួលបានព័ត៌មានលម្អិត សូមបងប្អូនទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈប្រព័ន្ធទូរសព្ទឥតគិតប្រាក់ Hotline លេខ ១២៩៧ ឬទូរសព្ទលេខ ០៧៧ ២៣២ ៣៧៨/០១៦ ៧៨៦ ៦៥៥/០៩៧ ៦៣៣ ៦០០២/០៨៦ ៨៦០ ០៦៦។

សូមបងប្អូនដែលមានបញ្ហាប្រឈម ឬមានចម្ងល់អាចទំនាក់ទំនងមកក្រុមតេឡេក្រាម «សម្រាប់ពលករ ទេសន្តរប្រវេសន៍» តាមតំណភ្ជាប់ https://t.me/KhmerMigrantWorker ឬតាមរយៈទូរសព្ទរបស់ស្ថានទូតលេខ +៦៦ ៩២ ៨០៥ ០៥៦១, អនុព័ន្ធការងារ +៦៦ ៨៣ ៥៤៥ ៧៧៨៨, +៦៦ ៩២ ២៩៩ ០១៣៣, ៦៦ ៦២ ០៨៩ ៨៩១៨, និង +៦៦ ៦៥ ៣០២ ០៩៣៣​ ៕