(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់ម្ចាស់គម្រោង បុរីលំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សារទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ឬសំណង់ផ្សេងទៀត ត្រូវទុកទីតាំង សម្រាប់ធ្វើបង្គោលអង់តែន ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បណ្តាញខ្សែកាបទូរគមនាគមន៍។
តាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា បានធ្វើបែបនេះ ក្នុងគោលបំណង ដើម្បីបង្កើនប្រសិទ្ធភាព នៃការវិនិយោគ ការពង្រាយ និងការធ្វើទំនើបកម្មបណ្តាញទូរគមនាគមន៍ ការធានាគុណភាព និងសុវត្ថិភាពសំណង់ និងការលើកកម្ពស់គុណភាពសុខភាព សេវាសាធារណៈ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់ម្ចាស់សំណង់ អ្នកអភិវឌ្ឍន៍បុរីលំនៅឋាន អ្នកវិនិយោគតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់ផ្សេងទៀត ដូចខាងក្រោម៖
១៖ ត្រូវរក្សាទុកទីតាំង ឬបន្ទប់សម្រាប់បំពាក់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ការងារសាងសង់ ឬដំឡើងស្ថានីយ អង់តែន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បណ្តាញខ្សែកាបទូរគមនាគមន៍។
២៖ ត្រូវសហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ក្នុងការសាងសង់ ឬការដំឡើងស្ថានីយអង់តែន ឬការបំពាក់ប្រព័ន្ធ អាយប៊ីអេស ឬការសាងសង់បណ្តាញខ្សែកាបទូរគមនាគមន៍ ទៅក្នុងគម្រោងសាងសង់ ដោយអនុលោមតាម បទប្បញ្ញត្តិបច្ចេកទេសសំណង់ បទប្បញ្ញត្តិបច្ចេកទេសទូរគមនាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធដទៃផ្សេងទៀត៕