(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ ពិតជាមានមោទនភាព និងថ្លែងអំណរព្រះគុណដល់ព្រះថេរាថុរៈគ្រប់ព្រះអង្គ, ថ្លែងអំណរព្រះរាជគុណថ្វាយដល់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសូមថ្លែងអំណរគុនដល់បងប្អូនជនរួមជាតិទាំងអស់ដែលបានប្រោសព្រះរាជទាន ផ្តល់ការឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈ និងស្បៀងអាហារ ដែលបានចូលរួមយ៉ាងផុសផុលតាមគ្រប់រូបភាព ដើម្បីលើកទឹកចិត្តដល់កងកម្លាំងរបស់កម្ពុជា ដោយមិនប្រកាន់និន្នាការ ជំនឿសាសនា ក្នុងនាមជាប្រជាតិខ្មែរតែមួយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចំណុចនេះ បានបង្ហាញឱ្យឃើញពីភាពរឹងមាំនៃខឿនការពារជាតិរបស់ប្រជាជន ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជារបស់យើង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាក់ស្តែង នៅក្នុងដំណើរថ្មើរជើងដើម្បីគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ គឺបង្ហាញយ៉ាងច្បាស់អំពីស្មារតីស្នេហជាតិ ស្នេហាទឹកដី របស់ប្រជាពលរដ្ឋខ្មែរ និងផ្តល់នូវកម្លាំងចិត្តដ៏ខ្លាំងចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនខ្មែរយើង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលបានផ្តួចផ្តើមគំនិត និងរៀបចំនូវព្រឹត្តិការណ៍នេះឡើងនៅក្នុងការកាលៈទេសៈ ដ៏សំខាន់នេះ។ ទីតាំងវិមានឯករាជ្យ ដែលបងប្អូនជនរួមជាតិ កំពុងជួបជុំនាពេលនេះ គឺជានិមិត្តរូបនៃឯករាជ្យ និងអធិបតេយ្យជាតិខ្មែរ ក្នុងស្មារតីនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមរម្លឹកដល់ព្រះរាជគុណនូប្បការៈដ៏ឧត្តុង្គឧត្តម និងថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលបានបំពេញព្រះរាជបូនីយកិច្ចយ៉ាងអង់អាចក្លាហានក្នុងការដណ្តើមឯករាជ្យជាតិពេញលេញជូនប្រជាជាតិកម្ពុជា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងការពារបូរណភាពទឹកដីកម្ពុជា តាមរយៈការទទួលបានជោគជ័យលើរឿងក្តីប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលមុនៗក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះការដឹកនាំប្រទេសជាតិដោយការលះបង់ ការខិតខំប្រឹងប្រែង និងទទួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ រហូតផ្តល់សុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា រហូតដល់ពេលបច្ចុប្បន្ន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នឹងប្តេជ្ញាបន្តបេសកកម្ម យកគំរូវីរៈភាព របស់ថ្នាក់ដឹកនាំជំនាន់មុនដើម្បីថែរក្សាការពារ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍន៍លើគ្រប់វិស័យជូនជាតិ និងប្រជាជនកម្ពុជា។

ពាក់ព័ន្ធនឹងជម្លោះព្រះដែនរវាងកម្ពុជា និងថៃ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ផ្ញើសារជូនជនរួមជាតិឱ្យកាន់តែយល់ច្បាស់ពីជំហររបស់រាជរដ្ឋាភិបាល ដោយបានព្យាយាមដោះស្រាយដោយប្រកាន់គោលជំហររក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ កម្ពុជា បន្តប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ដើម្បីបន្តការវាស់វែងខ័ណ្ឌសីមា និងបោះបបង្គោលព្រំដែន ដែលនៅសេសសល់ លើកលែងតែនៅតំបន់៤ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ដែលកម្ពុជា បានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយរកដំណោះស្រាយ ហើយលិខិតផ្លូវការបានប្រគល់ទៅឱ្យតុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ថ្មីៗនេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដំណើរថ្មើរជើងរួមគ្នា ដែលបងប្អូនជនរួមជាតិ បានចូលរួមនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងបានផ្តល់កម្លាំងចិត្តគាំទ្រយ៉ាងសំខាន់ដល់រាជរដ្ឋាភិបាល និងជាពិសេសដល់កងកម្លាំងជួរមុខ ក្នុងការបន្តបំពេញបេសកកម្មការពារឯករាជ្យជាតិ អធិបតេយ្យភាពទឹកដីរបស់កម្ពុជា៕