(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រទានព្រះរាជសារថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ និងផ្កាដ៏ល្អស្រស់នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា។

តាមរយៈព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ទ្រង់មានព្រះរាជបន្ទូលថា៖ «សូមជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ខ្ញុំ មានសេចក្តីសោមនស្សរីករាយជាទីបំផុតចំពោះលិខិតថ្វាយព្រះពរ និងផ្កាដ៏ល្អស្រស់របស់សម្តេចអគ្គមហាសេនាបតីតេជោ នៅក្នុងឱកាសបុណ្យចម្រើនជន្មាយុខ្ញុំ គម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា ហើយសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះយុត្តិធម៌ដែល សម្តេចអគ្គមហាសេនាបតីតេជោ ផ្តល់ដល់ខ្ញុំ ក្នុងការបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា។

ខ្ញុំ សូមសរសើរដ៏កក់ក្តៅជាទីបំផុត សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានខិតខំបំពេញ ភារកិច្ចដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រទទួលបាននូវមហាជោគជ័យជាបន្តបន្ទាប់ក្នុងការបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

ខ្ញុំ សូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និងថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ»៕

ខាងក្រោមនេះជាព្រះរាជសាររបស់សម្តេចម៉ែ៖