(ព្រះវិហារ)៖ បន្ទាប់ពីខេត្តកំពង់ធំ​ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងគណៈប្រតិភូអមដំណេីរ បាន​បន្តជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្ម​ឃុំ-សង្កាត់ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នាឱកាសនោះដែរ រដ្ឋមន្រ្តី​បានលេីកឡេីងពីទស្សនាទាន​ «មានហូប​ មានបាន​ មានប្រេី​ និងមាន​រហូត»​ ដោយសង្កត់ធ្ងន់លេីសារៈសំខាន់នៃ​វិស័យកសិកម្ម​កម្ពុជា​ដែលធានា​បានទាំងស្រុងនូវសន្តិសុខ​ស្បៀងក្នុងគ្រប់កាលៈទេសៈ ដូចជាវិបត្តិជំងឺកូវីដ​១៩​ គ្រោះរាំងស្ងួតបង្កដោយបាតុភូតអ៊ែលនីញ៉ូ​ និងគ្រោះទឹកជំនន់​នាពេលកន្លងមក​ ជាពិសេស​ក្នុងស្ថានភាពនៃការបង្កហេតុ​​បិទព្រំដែន​ដោយក្រុមជ្រុលនិយមថៃនាពេលបច្ចុប្បន្ន។

ទន្ទឹមនឹងការផ្តាំផ្ញេីឱ្យមន្ត្រីកសិកម្មឃុំយកអស់កម្លាំងកាយចិត្តអនុវត្តតួនាទី​ និងភារកិច្ចឱ្យបានល្អប្រសេីរ​ជួយដល់ប្រជា​កសិករ​, លោករដ្ឋមន្ត្រីក៏បានបកស្រាយពន្យល់អំពីយុទ្ធសាស្ត្រ​ និងសិល្បៈនៃការដោះស្រាយបញ្ហាកសិផលធ្លាក់ថ្លៃ​ តាមរយៈយន្តការរក្សាលំនឹងថ្លៃ ការលេីកទឹកចិត្តឱ្យកសិករធ្វេីពិពិធកម្មមុខដំណាំ​ និងការចូលរួមក្នុងសហគមន៍កសិកម្មទំនេីប​ ដេីម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រេីនថែមទៀត៕