(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្ត ដែលមានបុគ្គលមួយចំនួន បានលើកឡើងថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាការលេងសៀកសម្តែងល្ខោន។ សម្តេចបានច្រានចោល ការលើកឡើងបែបនេះទាំងស្រុង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាល អត់មានលាក់លៀមនោះទេ សូមឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់ តម្កល់ទុកប្រយោជន៍ជាតិជាធំ ហើយជឿទុកចិត្តលើរាជរដ្ឋាភិបាល ដើម្បីធ្វើការងារនេះជាពិសេសការងារប្តឹងទៅ ICJ ដែល ឯកសារខ្លះ មិនអាចបញ្ចេញឡើយ។
សម្តេចបានថ្លែងដូច្នេះថា៖ «អ្នកខ្លះបង្ហោះតាមហ្វេសប៊ុក ថាយើងរៀបប្រឈមមុខជាមួយថៃ នៅព្រំដេន យើងបិទច្រកព្រំដែន សុទ្ធតែជាការលេងសៀក រវាងរដ្ឋាភិបាលកម្ពុជា និងថៃ អត់ទេបងប្អូនអើយ គេគិតថា យើងបិទរបង ជាការលេងល្ខោន ខ្ញុំមើលទៅវាហួសចិត្តតែម្តង»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏មិនចង់ឆ្លើយតបច្រើនចំពោះបញ្ហានេះដែរ ព្រោះនៅម៉ោងនេះ មិនមែនជាម៉ោងដែលខ្មែរទត្រូវឈ្លោះប្រកែក បែកបាក់គ្នានោះទេ ជាពេលវេលាដែលខ្មែរត្រូវប្រឈមជាមួយនឹងអ្នកជិតខាងដែលកំពុងទាមទារព្រំដែនជាមួយគ្នា៕