(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានភាពជ្រុលនិយម រើសអើងលើពលរដ្ឋថៃ ព្រោះថាប្រជាជនថៃក៏មានអ្នកដែលស្រលាញ់យើងដែរ មិនមែនសុទ្ធតែស្អប់យើងនោះទេ។ ការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
បើទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរង់ចាំទទួលបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើការនៅប្រទេសថៃ ព្យាបាលនៅប្រទេសថៃ និងរៀននៅប្រទេសថៃ គឺរាជរដ្ឋាភិបាល បានរៀបចំទទួល និងជួយសម្រូលគ្រប់យ៉ាងដែលបងប្អូនប្រជាពលរដ្ឋត្រូវការ។ ប៉ុន្តែក្នុងជំហរជាប្រទេសជិតខាងកម្ពុជា ក៏នៅតែបន្តស្មារតីកិច្ចសហប្រតិបត្តិការគ្រប់វិស័យ តែឈរលើមូលដ្ឋានៃការគោរពគ្នាទៅវិញមក ស្មើភាពគ្នា គោរពអធិបតេយ្យភាពគ្នាទៅវិញមក នេះជាមូលរដ្ឋនៃទំនាក់ទំនងរបស់កម្ពុជា ជាមួយប្រទេសជិតខាង និងប្រទេសផ្សេងៗ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះថា៖ «ចុងក្រោយសាររបស់ខ្ញុំសម្រាប់បងប្អូនពលកររបស់យើងនៅថៃ នៅក្នុងករណីដែលបងប្អូនចាប់អារម្មណ៍ចង់ត្រឡប់មកវិញ ខ្ញុំបានបញ្ជាល្ងាចមិញឱ្យទៅក្រសួងការបរទេស ទូតរបស់យើងនៅបាងកក ស្ថានកុងស៊ុល របស់យើង។ ព្រោះបងប្អូនខ្លះអត់មានឯកសារ អត់មានអី អ្នកខ្លះទៅយូរ បើចង់ត្រឡប់មកវិញ ត្រូវធ្វើលិខិតឱ្យគាត់មកៗ កុំបាច់តឹងពេក ឱ្យមកដល់ព្រំដែន ច្រកព្រំដែនឱ្យស្ថាប័នរបស់យើង ឱ្យតែជនជាតិខ្មែរឱ្យគាត់ចូលមក។ មកដល់ក្នុងរដ្ឋបាលខេត្តទាំង៧ នៅជាប់ព្រំដែនត្រៀមជួយ ទាំងសុខាភិបាល បើមកជាទ្រុងទ្រាយធំ យើងនឹងមានត្រៀមរថយន្តសម្រាប់ជូនបងប្អូន មកដល់ស្រុកខ្មែរ។ ក្រសួងការងារដាក់កន្លែងភ្ជាប់ភ្នាក់ងារមុខរបរ និងការងារ នៅទីនោះដើម្បីភ្ជាប់ការងារ ក្នុងករណីដែលបងប្អូនដែលមកយើងត្រៀមលក្ខណៈជូន ព្រោះឥលូវកម្ដៅជាតិនិយមនៅប្រទេសថៃ នៅកន្លែងខ្លះចាប់ផ្ដើមបំផុសនៃការរើសអើង បំផុសនូវការមើលងាយ មើលស្រាល ប្រជាពលរដ្ឋយើងនៅទីនោះ»។
សម្ដេចនាយករដ្ឋមន្រ្តី បានបន្ថែមថា៖ «ប្រជាជនខ្មែរជាប្រជាជនស្លូតត្រង់ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ នៅកម្ពុជា សូមប្រកាន់ជំហរច្បាស់លាស់ តាមក្រមសីលធម៌ កុំធ្វើបាប ឬមួយរើសអើង បងប្អូនថៃនៅកម្ពុជា។ កុំលេងល្បែងបែបនេះ អាគេធ្វើរឿងរបស់គេ មិនចាំបាច់យើងត្រូវទៅដុត ឬមួយចាប់ ឬមួយជេរ ប្រជាជនថៃដែលរស់នៅកម្ពុជា នោះទេ។ ក៏មានអ្នកល្អអ្នកអាក្រក់ នៅថៃទន្ទឹមនឹងមានស្មារតីជាតិនិយម ក៏មានអ្នកមើលងាយជនជាតិខ្មែរយើង ក៏មានអ្នកស្រលាញ់យើងនៅទីនោះដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បងប្អូនរបស់យើង ពលករខ្មែរយើងនៅប្រទេសថៃ រាជរដ្ឋាភិបាល ក្នុងករណីដែលបងប្អូនចង់វិលត្រឡប់ យើងត្រៀមលក្ខណៈដើម្បីជួយបងប្អូន ហើយយើងរួមគ្នាកសាងប្រទេសយើងតទៅទៀត ប្រទេសយើងមិននៅត្រឹមហ្នឹងទេ ដរាបណាយើងថែរក្សាសុខសន្តិភាព សាមគ្គី ឯកភាពជាតិ យើងនឹងកាន់តែរឹងមាំបន្តទៅទៀត មិនមែនត្រឹមតែភ្លើង និងអ៊ិនធើណេតនោះទេ។ ម្ចាស់ការលើការផលិតគ្រប់វិស័យ ទំនាក់ទំនងគ្រប់វិស័យ ការបណ្ដុះបណ្ដាល ការរៀនសូត្រ ការអប់រំផ្សេងៗ»។
ក្នុងនាមនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចធិបតីបានបញ្ជាក់ថា ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋខ្មែរទៅថៃគេមិនទទួលព្យាបាល រាជរដ្ឋាភិបាល នឹងដឹកយកមកវិញហើយព្យាបាលដោយមិនគិតថ្លៃ ហើយសម្រាប់សិស្សអាហាររូបករណ៍នៅថៃ ក៏អាចត្រឡប់មកកម្ពុជាវិញ ដែលមានអាហាររូបករណ៍រដ្ឋផ្ដល់ឱ្យថែមទៀតផង នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលដឹកនាំឱ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលប្រជាពលរដ្ឋខ្មែរ នៅក្នុងកាលៈទេសៈចំពោះមុខភាពតានតឹងជាមួយប្រទេសថៃនៅពេលនេះ៕