(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសថា បញ្ហាព្រំដែនជាមួយប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយដោយភាពអត់ធ្មត់ និងច្បាស់លាស់ ហើយរាជរដ្ឋាភិបាល មិនបានលក់ទឹកដី ឬលក់ប្រាសាទខ្មែរឲ្យបរទេសណាមួយឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីរួមគ្នាជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដអំពាវនាវឲ្យមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវបន្ដជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។

សម្ដេចមហាបវរធីបតី នាយករដ្ឋមន្ដ្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា យកអស់ស្មារតីទទួលខុសត្រូវលើបញ្ហាប្រទេសជាតិ ដើម្បីរក្សាបូរណភាពទឹកដី តម្កល់ឧត្តមប្រយោជន៍ និងប្រជាជន ព្រមទាំងធានាខុសត្រូវចំពោះកិត្តិយសជាតិ និងប្រជាជនលើឆាកអន្ដរជាតិ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាមិនបានលក់ដី លក់ប្រាសាទឲ្យអ្នកណាទេ នៅពេលរាជរដ្ឋាភិបាល និងសម្ដេចតេជោ ហ៊ុន សែន មិនទាន់ឆ្លើយតប (បញ្ហាព្រំដែនជាមួយថៃ) គេនាំគ្នាចោទថា ត្រកូល ហ៊ុន ទាំងឪទាំងកូនលក់ដីឲ្យគេហើយ។ ការធ្វើសកម្មភាពនយោបាយមិនចាំបាច់លោតច្រឡោតនោះទេ ការធានាភាពម្ចាស់ការណ៍ និងច្បាស់លាស់ [...] សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មន្ដ្រីរាជការទាំងអស់ សូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាលំបាកមួយនេះ ធ្វើយ៉ាងណាការពារបូរណភាពទឹកដីរបស់យើង និងឧត្តមប្រយោជន៍ និងប្រជាជនរបស់យើងសូមបន្ដជឿទុកចិត្ត»

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានពន្យល់ចំពោះហេតុផលមួយចំនួនដែលកម្ពុជា មិនទាន់ឆ្លើយតបភ្លាមៗ ចំពោះការគំរាមកំហែង និងការប្រមាថរបស់ក្រុមយោធាថៃ លើភាពតានតឹងដាក់គ្នាក្នុងបញ្ហាព្រំដែន ដើម្បីសិក្សាឲ្យបានម្មត់ចត់ និងច្បាស់លាស់។ ជាក់ស្ដែង ចំពោះការគំរាមលើបញ្ហាកាត់ផ្ដាច់ភ្លើង និងប្រព័ន្ធអ៉ីនធ័រណេត រាជរដ្ឋាភិបាលកម្ពុជា មិនតបតឡើយ ប៉ុន្ដែដាក់ចេញវិធានការបន្ទាន់ ក្នុងការកាត់ផ្ដាច់ពីថៃដោយខ្លួនឯង ហើយងាកមកផ្គត់ផ្គង់បណ្ដារបស់ជាតិវិញ។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា ត្រូវកសាងធនធានមនុស្ស កសាងធនធានរបស់ជាតិលើគ្រប់វិស័យ ដើម្បីមានលទ្ធភាពម្ចាស់ការណ៍ ហើយធានាឯករាជ្យភាពរបស់ជាតិ ដើម្បីបញ្ឈប់រាល់ការគំរាមកំហែង និងប្រមាថពីបរទេសណាមួយលើជាតិ និងប្រជាជនកម្ពុជាទាំងមូល។ សម្ដេចបន្ដថា ការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល គឺមានភាពចាស់ទុំច្បាស់លាស់ មិនរេតាមខ្យល់ដូចចុងស្រល់នោះឡើយ ដូច្នប្រជាពលរដ្ឋត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា៕