(ភ្នំពេញ)៖ សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់ដល់អ្នកនយោបាយខ្មែរមួយចំនួននៅក្រៅប្រទេស ដែលឆ្លៀតឱកាសកេងចំណេញនយោបាយ វាយប្រហាររដ្ឋាភិបាល បំបាក់ទឹកចិត្តកងទ័ព គ្រាដែលប្រទេសជាតិទាំងមូល កំពុងប្រឈមនឹងសត្រូវឈ្លានពាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចបានលើកឡើងថា បន្ទាប់ពីកម្ពុជាបានបញ្ជូនលិខិតទៅ ICJ មានអ្នករិះគន់ថា ហេតុអ្វីបញ្ជូនលិខិតបែបនេះតាមប៉ុស្តិ៍។ សម្តេចបានថ្លែងថា៖ «ពិបាកគឺសាច់ឯងហ្នឹង តាមផ្ចាញ់គ្នាឯងរហូត រឿងអីផ្សេងថារឿងចុះ តែម៉ោងដែលជាតិទាំងមូលត្រូវមូលជាមួយគ្នាដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី នៅឆ្លៀតឌឺដងកេងចំណេញនយោបាយទៀត ប៉ុន្តែទម្លាប់អ្នកនយោបាយនោះ មិនខុសពីឆ្នាំ២០០៨-២០០៩ទេ»។

សម្តេចបានចាត់ទុកថា អ្នកនយោបាយដែលប្រឆាំងចំពោះផលប្រយោជន៍ជាតិនេះ តែងចង់ឈ្នះចង់ចាញ់ ហើយបង្កើតរឿងដើម្បីធ្វើឱ្យកងទ័ពបាក់ទឹកចិត្តរហូតមក។ សម្តេចបញ្ជាក់ថា «ទីបំផុត នៅពេលដែលយើងដាក់ (ទៅ​ICJ) គេក៏ចេញមកយកបុងថា កុំតែបានគេស្រែក កុំអីយើងមិនដាក់ទេ ចប់ទៀត !»។

សម្តេចក៏បានរិះគន់ទៅក្រុមទាំងនោះ ដែលចង់ទាមទារឱ្យរាជរដ្ឋាភិបាល បង្ហាញផែនទី និងឯកសារនានា ដែលបានប្តឹងទៅ ICJ ផងដែរ។ សម្តេចបានស្នើសុំឱ្យអ្នកនយោយបាយទាំងនោះ ឱ្យគិតអំពីផលប្រយោជន៍ជាតិ។ សម្តេចពន្យល់ថា មកពីកម្ពុជាមិនចង់មានសង្គ្រាមទើបយើងទៅ ICJ សូមទុកឱកាសឱ្យរាជរដ្ឋាភិបាលធ្វើការដើម្បីប្រយោជន៍ជាតិ។

សម្តេចបានកោតសរសើរអ្នកនយោបាយមួយចំនួន ដែលយល់កាលៈទេសច្បាស់លាស់ ស្គាល់ខុសត្រូវ ហើយមិនជ្រុលនិយមដូចអ្នកនយោបាយចាស់វស្សា ដែលប្រឆាំងសូម្បីតែផលប្រយោជន៍ជាតិ៕