(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលប្រកបដោយភាពកក់ក្ដៅ និងស្នាមញញឹមដ៏រីករាយជាមួយសិល្បករ សិល្បការិនីមកពីផលិតកម្មបារមី ដែលមានការចូលរួមពីកញ្ញា ម៉ម ឡូរ៉ាទេវរី (Laura Tevary Mam) អ្នកចម្រៀង Pop ដ៏មានប្រជាប្រិយភាព និង វណ្ណដា តាររ៉េបដែលទទួលបានការគំាទ្រយ៉ាងខ្លាំងពីស្រទាប់យុវវ័យ និងតារាល្បីជាច្រើនរូបទៀត។
ក្នុងជំនួបនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងការអរគុណដល់ក្រុមសិល្បករ សិល្បការិនី និងម្ចាស់ផលិតកម្មបារមី ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយ និងបរិច្ចាគថវិកាដោយផ្ទាល់ ចំនួន ៤០លានរៀល ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថានិកមូលនិធិ ដើម្បីជួយកម្ពុជា។
លោកជំទាវបណ្ឌិតក៏បានគូសរម្លឹកពីសាវតារបស់មន្ទីរពេទ្យគន្ធបុប្ផា និងមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសពីភាពរងគ្រោះថ្នាក់សុខភាពរបស់កុមារកម្ពុជា បើសិនមិនមានការជួយឧបត្ថម្ភគាំទ្រ ពីរាជរដ្ឋាភិបាល សប្បុរសជន និងពីមហាជនទូទៅ។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានកោតសរសើរចំពោះទឹកចិត្ដចូលរួមរបស់សិល្បករ សិល្បការិនី រូមទាំងថ្នាក់ដឹកនាំផលិតកម្មបារមី ដែលបានចូលរួមទាំងកម្លាំងកាយចិត្ដ និងបេះដូង រួមទាំងថវិកាផ្ទាល់ខ្លួន ជួយដល់កម្ពុជាដែលត្រូវការជំនួយមិនអាចខ្វះបាន។
ងាកមកស្នាដៃរបស់ផលិតកម្មវិញ លោកជូនជំទាវបណ្ឌិត បានថ្លែងកោតសរសើរចំពោះសមត្ថភាពនៃការច្នៃប្រឌិតរបស់ផលិតកម្ម ដែលបានបង្កើតបទភ្លេងជារបស់ខ្លួន ហើយបានយកភ្លេងបុរាណខ្មែរដាក់បញ្ជូលគ្នាបានយ៉ាងល្អ ដែលបានទាក់ទាញនិងមានល្បីល្បាញដល់មហាជនជាតិ និងអន្ដរជាតិ ។
ទន្ទឹមនឹងនោះលោកជំទាវបណ្ឌិត ក៏បានស្នើដល់ផលិតកម្មមួយនេះ បន្ដសាងស្នាដៃដ៏ល្អនេះ ពិសេសនិពន្ធបទក្រោយៗទៀត នឹងមានភ្លេងបុរាណខ្មែរកាន់ច្រើនបន្ថែមទៀត ដើម្បីរួមគ្នារក្សាកេរ្ដ៍ដំណែលសិល្បៈវប្បធម៌ខ្មែរឱ្យបានគង់វង្ស និងទាញចំណាប់អារម្មណ៍ឱ្យយុវជនខ្មែរយើងកាន់តែស្រលាញ់ និងរួមគ្នាថែរក្សា។
ជាមួយគ្នានេះតំណាងឱ្យផលិតកម្មបារមី បានថ្លែងអំណរគុណយ៉ាងជ្រាលជៅជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្ដល់កិត្ដិយសដ៏ខ្ពង់ខ្ពស់ អនុញ្ញាតឱ្យក្រុមការងារនៃផលិតកម្មបារមី ចូលជួបសម្ដែងការគួរសម ស្របពេលដែលលោកជំទាវបណ្ឌិត បាននឹងកំពុងដឹកនាំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»។
លើសពីនោះតំណាងក្រុមការងារនៃផលិតកម្មបារមី បានប្ដេជ្ញាចិត្ដរួមគ្នាថានឹងបន្ដគាំទ្រការខិតខំរបស់លោកជំទាវបណ្ឌិតជានិច្ច ដោយប្រើសំឡេង វេទិកា និងភាពច្នៃប្រឌិត ក្នុងសិល្បៈដើម្បីគំាទ្របេសកកម្មដ៏សំខាន់នេះ។ ជាងនេះទៅទៀតនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីកុមារកម្ពុជា មិនត្រឹមតែរស់រានមានជីវិតនោះទេ ប៉ុន្ដែឱ្យកូនខ្មែរមានសង្ឃឹម និងមានសុបិន្ដនឹងក្លាយជាពិត។
សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះ «គឺមានរយៈពេល១ខែពេញ ហើយធ្វើឡើងក្នុងគោលបំណងចំនួន២ ទី១) យើងយកថ្ងៃទី១ មិថុនា ជាថ្ងៃបើកយុទ្ធនាការ គឺជាចំថ្ងៃទិវាកុមារអន្ដរជាតិ ដែលចង់បង្ហាញថា កុមារទាំងអស់គឺត្រូវការមើលការថែទាំពីយើងទាំងអស់គ្នា ព្រោះថាកុមារគឺអនាគតធនធានដ៏សំខាន់របស់ប្រទេសកម្ពុជាយើង ដូច្នេះតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា គឺជាការជួយដល់កុមារជាច្រើន ឱ្យរួសរានមានជីវិតឡើវិញ។ ទី២) យុទ្ធនាការនេះគោលបំណង គឺនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះនៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព»៕