(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញប្រគល់មធ្យោបាយម៉ូតូសម្ភារមួយចំនួនជូនដល់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលអន្តរាគមន៍ពិសេស និងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើ ការសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញដែលជានិច្ចជាកាល នាយឧត្តមសេនីយ៍ តែងតែគិតគូរពីសុខទុក្ខនិងជួយសម្រួលដោះស្រាយការលំបាកនានាទាំងមធ្យោបាយសម្ភារ ក៏ដូចជាស្បៀងអាហារដើម្បីលើកទឹកចិត្តជូនដល់បងប្អូនកងកម្លាំងដែលបានលះបង់សព្វបែបយ៉ាង បំពេញភារកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដោយមិនគិតនឿយហត់។
ជាងនេះថែមទៀតនៅថ្ងៃនេះផងដែរ នាយឧត្តមសេនីយ៍អគ្គស្នងការ បានបន្តឧបត្ថម្ភអំណោយមធ្យោបាយម៉ូតូចំនួន១៤គ្រឿង ជូនអង្គភាពការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងអាវភ្លៀងអំពូលសូឡាមួយចំនួនទៀតជូនដល់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងអន្តរាគមន៍ពិសេសនិងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីយកទៅប្រើប្រាស់បំពេញភារកិច្ចប្រចាំថ្ងៃបង្កើនប្រសិទ្ធភាពការងារការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមកាន់តែល្អប្រសើរ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើកងកម្លាំងដែលទទួលបានសម្ភារយកទៅប្រើប្រាស់នៅពេលនេះតទៅ គឺត្រូវចេះថែរក្សាឲ្យបានល្អ ធានារក្សាការប្រើប្រាស់ឲ្យបានយូរអង្វែង និងបានណែនាំកងកម្លាំងទាំងអស់ បន្តយកចិត្តទុកដាក់បំពេញកិច្ចការងារតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងមានឆន្ទៈខ្ពស់ បម្រើប្រជាពលរដ្ឋដ៍ស្មោះត្រង់ តាមរយៈការគោរពវិន័យកងកម្លាំងនគរបាលជាតិឲ្យបានខ្ជាប់ខ្ជូន គោរពក្រមសីលធម៌វិជ្ជាជីវៈជំនាញ និងជាពិសេសត្រៀមទទួលបទបញ្ជាថ្នាក់លើកិច្ចការងារការពារបូរណភាពទឹកដីបើសិនមានសត្រូវប៉ុនប៉ងឈ្លានពានទឹកកម្ពុជាយើង៕