(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅវត្តជ័យគីរី ហាន់ជ័យ ស្រុកកំពង់សៀម បានដឹកនាំសមាជិក សមាជិកាក្រោមឱវាទ ប្រារព្ធព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម ៨៩ យាងចូល ៩០ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអានសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាឱកាសដ៏មហានក្ខត្តឬក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៩ យាងចូល ៩០ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

ទូលព្រះបង្គំជាខ្ញុំ ក្នុងនាមគណៈកិត្តិយស សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា មន្ត្រីប្រតិបត្តិ យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ទូទាំងខេត្តកំពង់ចាម សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្វសាធុការពរ បវរសួស្តី សិរីវឌ្ឍនា ជយោមហាប្រសើរ សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ និងមានព្រះជន្មាទីឃាយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រ ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ ជ្រកកោនបានក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍តរៀងទៅ។

ក្នុងអភិមង្គលដ៏វិសេសថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមអភិវន្ទន៍លំអោនកាយ សម្ដែងនូវកត្តញ្ញូតាធម៌ដ៏ស្មោះស្ម័គ្របំផុត ចំពោះព្រះគុណូបការៈដ៏ឧត្តុងឧត្តម និងទឹកព្រះទ័យប្រកបដោយព្រះព្រហ្មវិហារធម៌របស់ព្រះអង្គ ដោយបានលះបង់ព្រះកាយពល បញ្ញាញាណ ព្រមទាំងព្រះរាជទ្រព្យផ្ទាល់របស់ទ្រង់ បម្រើឧត្តមប្រយោជន៍ជាតិទាំងក្នុងវិស័យព្រះពុទ្ធសាសនា សង្គមកិច្ច មនុស្សធម៌ សុខុមាលភាព រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាកូន ចៅ ជាចៅទួតរបស់ព្រះអង្គ ក្រោមដំបូលនៃសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍។

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបង្គំអញ្ជលី បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជៈបារមីនៃវត្ថុសក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គ ពិសេសទេវតារក្សាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ព្រះនាមគោរាគៈទេវី សូមព្រះមេត្តាប្រោសព្រះរាជទាន ព្រះសព្វសាធុការពរជ័យបវរមហាប្រសើរ ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕