(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នាឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងអំពីគោលនយោបាយក្នុងវិស័យកសិកម្ម ជាពិសេសគោលនយោបាយ «មានហូប មានប្រើ មានបាន និងមានរហូត» ដោយសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ និងចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
រដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីកសិកម្មឃុំទាំងអស់ នៅពេលចុះជួយប្រជាកសិករ សូមជួយពន្យល់កសិករអំពីរបៀបគណនាថ្លៃដើមផលិតឱ្យបានច្បាស់លាស់ ដើម្បីពួកគាត់យល់កាន់តែច្បាស់ថា អ្វីជាថ្លៃដើមពិតប្រាកដ ហើយការចំណាយអ្វីខ្លះដែលមិនត្រូវរាប់បញ្ចូលក្នុងថ្លៃដើមផលិត និងលើកទឹកចិត្តឱ្យបន្តបំពេញការងារតាមឃុំគោលដៅ ផ្សារភ្ជាប់ឱ្យបានជិតស្និទ្ធជាមួយមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ជាប្រយោជន៍ដល់ការងារកសិកម្ម ជួយដោះស្រាយបញ្ហាប្រឈមនិងគាំទ្របច្ចេកទេសដល់ប្រជាកសិករ៕