(ព្រៃវែង)៖ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា រៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សា គម្រប់ ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា ដែលប្រារព្ធធ្វើនៅវត្តសំសមី ក្រុងព្រៃវែង ខេត្តព្រៃវែង។

នៅក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

តាំងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងមន្ត្រីរាជការទូទាំងប្រទេស ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមក្រាបថ្វាយនូវអំណរសាទរដោយស្មោះ អស់ពីដួងចិត្ត និងសូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលានុភាពរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ ដើម្បីទ្រង់គង់ជាម្លប់ដ៏ត្រជាក់ត្រជំសុខសាន្តមនោរម្យដល់ប្រជានុរាស្ត្រខ្មែរទូទាំងព្រះនគរ។

ឆ្លៀតក្នុងព្រះរាជឱកាសដ៏មហាសិរីមង្គលាភិរម្យឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានេះ, លោក សួន សុម៉ាលីន សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ក្រាបបង្គំថ្វាយនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យគង់ប្រថាប់ជា ព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងសមាគមកាយឫទ្ធិនារីកម្ពុជា ដោយបំពេញនូវព្រះរាជកិច្ចដ៏មហាប្រពៃថ្លៃថ្លាបំផុត ប្រកបដោយព្រះរាជគុណធម៌ ព្រះព្រហ្មវិហាធម៌ និងព្រះទសពិធរាជធម៌ ក្នុងការលើកកម្ពស់ការងារមនុស្សធម៌ ការលើកតម្កើងតួនាទីស្ត្រីក្នុងសង្គម។

លោក បានបន្តថា ជាពិសេសការប្រោសព្រះរាជទាននូវព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ ក្នុងព្រះរាជសកម្មភាពនៃការបំពេញកិច្ចសន្សំ បុញ្ញកុសលក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សុខាភិបាល សង្គមកិច្ច វប្បធម៌ សិល្បៈ សុខុមាលភាពសង្គម និងជីវភាពរស់នៅដល់ប្រជានុរាស្ត្ររបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យរឹងរឹតតែមាន វឌ្ឍនភាពជឿនលឿន ប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ចម្រុងចម្រើន និងរុងរឿង។

ជាថ្មីម្តងទៀត លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព្រះនាម គោរាគទេវី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមី ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមតាម ជួយបីបាច់ថែរក្សា ការពារ អភិបាល ប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពអង្វែងតរៀងទៅ។

បន្ទាប់ពីបានប្រារព្វពិធីសូត្រមន្ត ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីរួចមក លោកប្រធានគណៈកម្មាធិការសាខា បានប្រគេនបច្ខ័យសម្រាប់ព្រះសង្ឃ និងបច្ឆ័យកសាងវត្ត ដល់ព្រះសង្ឃ គង់នៅវត្តសំសមី និងបានជូនវត្ថុអនុស្សាវរីយ៍ ជូនតាជីយាយជី ចំនួន ៥០នាក់ផងដែរ៕