(ភ្នំពេញ)៖ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាក្រសួងសុខាភិបាល និងជានាយកកម្មវិធីលើកកម្ពស់សុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិនៅកម្ពុជា បានលើកឡើងថា គណៈឆ្មបកម្ពុជាគ្រប់ជាន់ថ្នាក់ ត្រូវតាមដាន និងទំនាក់ទំនងជាមួយប្រធានមន្ទីរសុខាភិបាល ឬមូលដ្ឋានសុខាភិបាល ដែលមានអត្រាក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប មានកម្រិតទាប ដើម្បីធានាថាឆ្មបទទួលការបណ្តុះបណ្តាលជាទៀងទាត់ និងគោរពតាមលក្ខខណ្ឌនៃការ បន្តអជ្ញាបណ្ណ ជាពិសេសការអនវុត្តគ្លីនិក និងការសង្គ្រោះជីវិត។
ការលើកឡើងបែបនេះរបស់ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ ឆ្មប (CPD) ផ្អែកលើការអនុវត្តគ្លីនិក នៅសណ្ឋាគារសាន់វ៉េ។ សិក្ខាសាលានេះ ដោយមានការចូលរួមពី លោកស្រី Sandra Bernklau តំណាងUNFPA ប្រចាំប្រទេសកម្ពុជា លោកស្រី ត្រួច រ៉ាយូណែត ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានថែទាំ នាយសាលផ្នែកសម្ភពនៃមន្ទីរពេទ្យរាជធានី-ខេត្តទាំង១៣ ព្រមទាំងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ មកពីបណ្ដារាជធានី-ខេត្ត ជាច្រើននាក់។
ក្នុងឱកាសនោះដែរ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង ជាមួយក្រសួង សុខាភិបាល ដើម្បីសម្រេចបានការកាត់បន្ថយមរណភាពមាតានិងទារក ត្រឹមឆ្នាំ២០៣០ តាមរយៈការចូលរួមយ៉ាងសកម្មពី ប្រធានមូលដ្ឋានសុខាភិបាល ក៏ដូចជា ឆ្មប ទាំងផ្នែកសាធារណៈ និងឯកជន តាមរយៈការរៀបចំផែនការបណ្តុះបណ្តាលនៅនឹងមូលដ្ឋានសុខាភិបាល ផ្អែកតាម បច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប CPD ថ្មីនេះ។
លោកស្រីសាស្ត្រាចារ្យ បានបន្ដថា យើងត្រូវប្រើប្រាស់ការស្រាវជ្រាវថ្មី ដើម្បីពង្រឹងប្រព័ន្ធនៃការបណ្តុះបណ្តាលឱ្យចំគោលដៅ និងមានប្រសិទ្ធិភាព ជាពិសេសមូលហេតុចំបងនៃមរណភាពមាតារួមមាន៖ ការគ្រប់គ្រងការធ្លាក់ឈាម ក្រោយសម្រាល ជំងឺបម្រុងក្រឡាភ្លើង និងក្រឡាភ្លើង និងការក្លាយរោគ តាមរយៈការរកឃើញថ្មីៗនៃការពិនិត្យមរណភាពមាតាក្នុងឆ្នាំ២០២៣-២០២៥ សរុបប្រមាណជា១១០ករណី។ យើងក៏រកឃើញផងដែរ មរណភាពមាតាទាំងនេះ ក៏ចូលរួមចំណែកដោយសារការពន្យាពេលក្នុង ការផ្តល់សេវានៅមូលដ្ឋានសុខាភិបាល ដោយសារមូលហេតុផ្សេងៗរួមមាន៖ ការសម្រេចចិត្តយឺតយ៉ាវ ក្នុងការផ្តល់សេវា ការបញ្ជូនមិនបានត្រឹមត្រូវ មិនមានបុគ្គលិកជំនាញក្នុងពេលផ្តល់សេវា ខ្វះសម្ភាបរិក្ខារ និងជំនាញក្នុងការជួយសង្គ្រោះមាតា។
លោកស្រីសាស្ត្រាចារ្យ ក៏សូមឱ្យឆ្មបមន្ទីរសុខាភិបាលរាជធានី-ខេត្ត ស្រុកប្រតិបត្តិប្រធានមូលដ្ឋានសុខាភិបាលទាំងសាធារណៈ និងឯកជន ស្ថាប័នពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូ មេត្តាចូលរួម៖ ប្រធាន ឬអនុប្រធានមន្ទីរសុខាភិបាល ស្រុកប្រតិបត្តិសុខាភិបាល មូលដ្ឋានសុខាភិបាលទាំងផ្នែកសាធារណៈ និងឯកជន មានកាតព្វកិច្ចនិងម្ចាស់ការក្នុងការអនុវត្ត និងពង្រឹងប្រព័ន្ធនៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប ក្នុងរាជធានី-ខេត្ត របស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព និងគុណភាព។ ការងារនេះទាមទារឱ្យមានការវិនិយោគគាំទ្រ ផ្តល់នូវបរិយាកាស និងការតាមដាន ដើម្បីធានាថាឆ្មប ក៏ដូចផ្តល់សេវាសុខាភិបាលផ្សេងទៀត មានសមត្ថភាពក្នុងការជួយសង្គ្រោះអាយុជីវិតរបស់ស្ត្រីនិងទារក។
បន្ថែមពីនេះ លោកស្រីសាស្ត្រាចារ្យ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណៈឆ្មបកម្ពុជាគ្រប់ជាន់ថ្នាក់ ត្រូវតាមដាន និងទំនាក់ទំនងជាមួយប្រធានមន្ទីរសុខាភិបាល ឬមូលដ្ឋានសុខាភិបាល ដែលមានអត្រាក្នុងការការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ ឆ្មបមានកម្រិតទាប ដើម្បីធានាថាឆ្មបទទួលការបណ្តុះបណ្តាលជាទៀងទាត់ និងគោរពតាមលក្ខខណ្ឌនៃការ បន្តអជ្ញាបណ្ណ ជាពិសេសការអនវុត្តគ្លីនិក និងការសង្គ្រោះជីវិត។ គណៈឆ្មបកម្ពុជាត្រូវពង្រឹងប្រព័ន្ធបន្តអាជ្ញាបណ្ណ និងការតាមដានការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត តាមប្រព័ន្ធ Online ដែលមានសមត្ថភាពក្នុងការគ្រប់គ្រង និងជូនដំណឹងដល់រាជធានី-ខេត្ត ដែលការបណ្តុះបណ្តាលនៅមានកម្រិតទាប ដើម្បីអន្តរាគមទាន់ពេលវេលាសុខាភិបាល ដែលមានករណីមរណភាពមាតានិងទារកខ្ពស់។ ជាពិសេសមូលដ្ឋានស្ថាប័នទទួលបន្ទុកក្នុងការបណ្តុះបណ្តាលឆ្មបទាំងអស់ សមាគមឆ្មប និងអង្គការដៃគូសុខាភិបាល មេត្តាចូលរួមក្នុងការអនវុត្តគោលការណ៍នៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តថ្មីនេះ ប្រកបដោយគុណភាព»។
សូមជម្រាបដែរថា ក្រសួងសុខាភិបាល នឹងបន្តគាំទ្រ និងពង្រឹងគុណភាពនៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប ដើម្បីពង្រឹងគុណភាពនៃសេវាថែទាំសុខភាពបន្តពូជ និងផ្លូវភេទ ជាពិសេសសេវាសង្គ្រោះបន្ទាន់ ផ្នែកសម្ភព និងការថែទាំទារកទើបកើត សេវាពន្យារកំណើតផែនការគ្រួសារ សេវាថែទាំ ស្ត្រីរងអំពើហង្សា ដើម្បីចូលរួមសម្រេចបាននូវគោលដៅនៃរបៀបវារៈសន្និសិទ្ធិអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD) និងគោលដៅគ្របដណ្តប់សុខភាពជាសកលត្រឹមឆ្នាំ២០៣០៕