(ភ្នំពេញ)៖ ស្ថាប័នគយ និងរដ្ឋាករកម្ពុជា បានចេញមកបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ រាល់គ្រប់បន្លែ និងផ្លែឈើទាំងអស់របស់ថៃ ត្រូវបានបិទខ្ទប់ចោលទាំងស្រុងនៅតំបន់ព្រំដែន មិនឲ្យនាំចូលប្រទេសកម្ពុជាទៀតនោះឡើយ ចំណែកទំនិញផ្សេងទៀតនៅដំណើរការនាំចូលធម្មតា។

ស្ថាប័នគយកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «មានការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទពីប្រទេសថៃ ដោយឡែកទំនិញផ្សេងទៀតគឺនៅធម្មតា»

ការប្រកាសបិទបន្លែ ផ្លែឈើទាំងអស់ គឺដើម្បីជាការឆ្លើយតប និងអនុវត្តនូវបទបញ្ជាម៉ឺងមាត់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែន។

សូមជម្រាបថា តាមរយៈថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់អំពីវិធានការឆ្លើយតបរបស់កម្ពុជា ដោយកំណត់ពេលត្រឹម២៤ម៉ោង បើសិនក្រុមយោធាថៃ មិនព្រមបើកច្រកទ្វារព្រំដែនឲ្យដំណើរការ ប្រក្រតីទេនោះ កម្ពុជានឹងហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទរបស់ថៃតែម្ដង។

ឱសានវាទ២៤ម៉ោងដល់ពេលកំណត់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា៕