(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយចីរភាព និងការទទួលខុសត្រូវ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.អ., លោក ចាន់ ចេស្តា រដ្ឋលេខាធិការ តំណាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.អ.អ, ព្រមទាំង លោក លោកស្រី ជាសមាជិក គ.ជ.អ.អ. មកពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងគ.ជ.អ.អ. នៅថ្នាក់ក្រោមជាតិ តំណាងដោយ លោក លោកស្រី អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត, មន្ទីរជំនាញពាក់ព័ន្ធ សរុបចំនួន ១៣០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.ជ.អ.អ. បានគូសរំលេចនៅក្នុងអង្គប្រជុំថា កម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ តាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps : Public Private People Partnership) ដោយលើកទឹកចិត្តការវិនិយោគ តម្រូវឲ្យមានការចូលរួមពីប្រជាជនមូលដ្ឋាន, ការផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍, ការផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន ព្រមទាំងការគោរពគោលការណ៍ចីរភាព និងទទួលខុសត្រូវ៕