(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងការងារជូនបងប្អូន ពលករកម្ពុជា ដែលសម្រេចចិត្តធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ ហើយ TVET នឹងផ្តល់បង្កើត ឱកាសការងារ និងសាងក្តីសង្ឃឹមជូនបងប្អូនជាមួយនឹងការសិក្សាដោយឥតគិតថ្លៃ ជាមួយនឹង ប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ប្រចាំខែ និងជម្រើសវេនសិក្សាដែលមានលក្ខណៈបត់បែន ងាយស្រួលជ្រើសរើសផងដែរ។
ការលើកឡើងបែបនេះរបស់ លោកស្រី សុវណ្ណ វណ្ណារតន៍ បានធ្វើឡើងនៅក្នុងកម្មវិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
នាឱកាសនោះដែរ លោកស្រី សុវណ្ណ វណ្ណារតន៍ បានលើកឡើងថា សិស្សនិស្សិត TVET កម្ពុជា មានទាំងជំនាញបច្ចេកទេស (Hard-skill) និងជំនាញទន់ (Soft-skill) ដែលជាគុណវុឌ្ឍដ៏សំខាន់បំផុតសម្រាប់ទីផ្សារការងារ ក្នុងស្រុក និងក្រៅស្រុក។ ក្មួយៗ គឺជាសាក្សីរស់ ជាគំរូ និងជាអ្នកនាំសារដល់មានឥទ្ធិពលដល់ ក្មួយៗផ្សេងៗ ដែលមិនទាន់បានមកចុះឈ្មោះសិក្សា ឬកំពុងចាប់អារម្មណ៍ជ្រើសរើស ឬមានបំណងចង់ផ្ញើរអនាគត និងចង់សាងក្តីសង្ឃឹមជាមួយនឹង TVET។
រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងការងារជូនបងប្អូន ពលករកម្ពុជា ដែលសម្រេចចិត្តធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ ហើយ TVET នឹងផ្តល់បង្កើតឱកាសការងារ និងសាងក្តីសង្ឃឹមជូនបងប្អូនជាមួយនឹងការសិក្សា ដោយឥតគិតថ្លៃ ជាមួយនឹងប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលប្រចាំខែ និងជម្រើសវេនសិក្សាដែលមានលក្ខណៈបត់បែន ងាយស្រួលជ្រើសរើសផងដែរ។ សូមបងប្អូនទាំងអស់ផ្តល់ការទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារ បូរណភាពទឹកដី ឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន និងការស្វែងរកការងារជូនបងប្អូន»។
បន្ថែមពីនេះ រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ទោះជាយើងទទួលបាននូវស្នាដៃ និងសមទ្ធិផលជាទីមោទនៈជាពេលកន្លងមក គ្រឹះស្ថាន TVET ទាំងអស់ត្រូវតែហ៊ានទទួលស្គាល់នូវចំណុចខ្វះខាត និងទទួលស្គាល់នូវចំណុច ដែលត្រូវកែប្រែ និងត្រូវធ្វើនាឆ្នាំបន្ទាប់ៗ។ ក្រសួងក៏នឹងស្វាគមន៍ជានិច្ច នូវការរិះគន់ស្ថាបនានានា ដែលជំរុញឱ្យមានការវិវត្តវិជ្ជមានជាកម្រិតអតិប្បរមាដល់វិស័យ TVET កម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការប្រចាំការ ក៏បានបញ្ជាក់ទៀតថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំប្រារព្ធទិវាជាតិនេះ នៅឆ្នាំបន្តបន្ទាប់ទៀត ក្នុងនោះរួមមាន៖
*ទី១៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រដាប់អាវុធគ្រប់ ប្រភេទ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តចូលរួមសហការគ្នាឱ្យ បានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈដូចឆ្នាំនេះ។
*ទី២៖ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា បន្តរួម ចំណែកចូលរួម និងគាំទ្រលើកទឹកចិត្តទាំងធនធានថវិកា និងធនធានបច្ចេកទេសក្នុងផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា។
*និងទី៣៖ យុវជនទាំងអស់ដែលមានចំណាប់អារម្មណ៍លើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ សូមមក ចុះឈ្មោះឱ្យកាន់តែច្រើនក្នុងការចូលរៀន «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស» ដើម្បីទទួល បានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅ តាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាន នូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និង ចាកផុតពីបន្ទាត់នៃភាពក្រីក្រ៕