(ភ្នំពេញ)៖ តាមរយៈការដកស្រង់សំដីក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានបង្ហាញពីប្តេជ្ញាធានានូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់រួមចំណែកគាំទ្រ ដល់សុខុមាលភាពរបស់ប្រជាជន និងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ តម្លាភាព យុត្តិធម៌ និងទំនួលខុសត្រូវសង្គម។

វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងវិវត្តប្រកបដោយចីរភាព ការទទួលខុសត្រូវ និងភាពធន់ ព្រមជាមួយនឹងការលើកកម្ពស់សិទ្ធិប្រជាពលរដ្ឋក្នុងសហគមន៍។ បណ្ដាធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) អ្នកផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុនានា បាននិងកំពុងអនុវត្តការផ្តល់កម្ចីផ្អែកលើក្រមសីលធម៌ អនុលោមភាពបរិស្ថាន សង្គម និងអភិបាលកិច្ច ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្នដែលបម្រើដល់ផលប្រយោជន៍ទាំងមនុស្ស និងភពផែនដី។

កត្តាបរិស្ថាន សង្គម និងអភិបាលកិច្ច លែងជាពាក្យដែលគ្រាន់តែនិយាយទៀតហើយ។ ជាទឡ្ហីករណ៍ គឺការបង្កើតគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តភាព ដែលលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារគិតគូរអំពីបរិស្ថាន និងសង្គម ចំពោះការសម្រេចចិត្តក្នុងអាជីវកម្ម រួមទាំងការផ្តល់ឥណទានផងដែរ។ ចំនួនសមាជិកក្នុងវិស័យធនាគារបានកើនពី៤៨ ទៅ៧៤ នៅឆ្នាំ២០២៤ ក្នុងនោះរួមមាន ធនាគារពាណិជ្ជចំនួន ៥៧ ធនាគារឯកទេសចំនួន ៨ ការិយាល័យតំណាងធនាគារបរទេសចំនួន ៦ សមាគមមីក្រូហិរញ្ញវត្ថុចំនួន១ សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជាចំនួន១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន១ និងសាជីវកម្មធានាឥណទានកម្ពុជា(CGCC)ពួកគេបាននិងកំពុងប្តេជ្ញាចិត្ត ក្នុងការវាយតម្លៃហានិភ័យយ៉ាងម៉ត់ចត់បន្ថែមទៀត ទាក់ទងនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ អភិបាលកិច្ច និងផលប៉ះពាល់សង្គម។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងឲ្យដឹងថា «ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវ យើងប្តេជ្ញាធានានូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់រួមចំណែកគាំទ្រដល់សុខុមាលភាពរបស់ប្រជាជន និងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍
តម្លាភាព យុត្តិធម៌ និងទំនួលខុសត្រូវសង្គម»

ធនាគារពាណិជ្ជបានបង្ហាញពីភាពជាអ្នកដឹកនាំរបស់ពួកគេ ក្នុងផ្នែកផ្សេងៗនៃវិស័យធនាគារ និងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ ធនាគារអេស៊ីលីដា បានដាក់បញ្ចូល និងគិតគូរអំពីហានិភ័យ ផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច ទៅក្នុងការវិភាគឥណទានរបស់ខ្លួន និងបោះពុម្ពរបាយការណ៍និរន្តរភាពប្រចាំឆ្នាំ ដែលផ្តោតលើបរិយាបន្នហិរញ្ញវត្ថុ ការការពារបរិស្ថាន និងកិច្ចការពារអតិថិជន។

ធនាគារកាណាឌីយ៉ា បានផ្តល់អាទិភាពដល់ការធ្វើបរិវត្តន៍កម្មឌីជីថល ស្របជាមួយនិងការធ្វើប្រតិបត្តិការធនាគារផ្តោតលើសហគមន៍ជាអាទិភាព។ តាមរយៈកម្មវិធី Cashville Kidz របស់ធនាគារ មេយ ប៊ែង ខេមបូឌា បានបន្តលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់យុវជន ដែលជាការសហការជាមួយគ្រឹះស្ថានសិក្សា និងអង្គការក្រៅរដ្ឋាភិបាល។ ខណៈពេលដែលជំរុញរបៀបវារៈនិរន្តរភាព។ ទន្ទឹមនឹងនេះ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់(ABA) បានចាប់ផ្តើមអនុវត្តយុទ្ធនាការ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអប់រំផ្នែកហិរញ្ញវត្ថុនៅក្នុងសហគមន៍ តាមទីជនបទ ក្នុងគោលបំណងជួយដល់ប្រជាជនកម្ពុជាក្នុងការកសាងសុវត្តិភាពហិរញ្ញវត្ថុប្រកបដោយនិរន្តភាព។

លោក រ័ត្ន សោភ័ណ បានបញ្ជាក់ថា ស្របគ្នានេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបង្ហាញការយកចិត្តទុកដាក់ព្រមគ្នា ក្នុងការជំរុញលទ្ធភាពទទួលបានហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ ជាក់ស្ដែងដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានផ្ដល់កម្ចីឥណទានដល់អតិថិជនប្រមាណ ៣០០,០០០ នាក់ ដែលក្នុងនោះ ៩៦% នៃអតិថិជនរស់នៅជនបទ និង ៧៩% ជាស្ត្រី។

ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេមួយក្នុងប្រទេស ទទួលបានពានរង្វាន់ Orange Seal ដែលត្រូវបានវាយតម្លៃដោយភាគីពាក់ព័ន្ធសម្រាប់ការប្តេជ្ញាចិត្តរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុនេះ ចំពោះសមភាពយេនឌ័រ និងនិរន្តរភាពបរិស្ថាន ហើយក៏កំពុងរៀបចំបោះផ្សាយមូលបត្របំណុលសាជីវកម្មនិរន្តរភាពចំនួន ៥០លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិដល់គំនិតផ្តួចផ្តើមបរិស្ថានបៃតង និងសង្គម។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នៅតែបន្តនាំមុខក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ដោយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការគាំទ្រដល់កសិករខ្នាតតូច និងមធ្យម និងអាជីវកម្ម ជាពិសេសនៅតាមតំបន់ជនបទ ជាមួយនឹងសេវាហិរញ្ញវត្ថុដែលសមស្រប និងមានការទទួលខុសត្រូវ។

ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានមូលនិធិនិងគាំទ្រអាជីវកម្មខ្នាតតូច គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិក នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាប់ដៃគូសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) រយៈពេលបីឆ្នាំ។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពង្រីកឥណទានបន្ថែមទៀតដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រិនស្ត្រី និងប្រជា-ពលរដ្ឋនៅតាមទីជនបទ ដោយផ្តល់ការធានាឥណទាន និងការបណ្តុះបណ្តាលអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ បន្ថែមលើនេះ ធនាគារពាណិជ្ជដូចជា ធនាគារព្រីនស៍ ដែលទទួលបានពានរង្វាន់ ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឆ្នាំ ២០២៤ ដោយទស្សនាវដ្ដី Euromoney ធនាគារប្រៃសណីយ៍កម្ពុជា បានអភិវឌ្ឍផលិតផលឥណទានជាក់លាក់សម្រាប់សហគ្រាសធុនតូច និងមធ្យម និងគន្លឹះណែនាំអាជីវកម្មសម្រាប់សហគ្រិន ដែលកំពុងមានការរីកចម្រើនរបស់កម្ពុជា៕