(ភ្នំពេញ)៖ ក្រៅពីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល ឱ្យបណ្ដាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនី ចំនួន២៤ច្បាប់ និង សេចក្តីព្រាងច្បាប់ស្តីពីជលផល ក្នុងសម័យប្រជុំព្រឹទ្ធសភានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក៏មានរបៀបវារៈមួយទៀតនោះ គឺការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការជំនាញចំនួន២។

សម័យប្រជុំ លើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានសមាជិកចូលរួមចំនួន៦០រូប។

របៀបវារៈទី៣នេះ គឺការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិមុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា និងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ។

បើតាមសេចក្តីប្រកាសលទ្ធផលរបស់ព្រឹទ្ធសភា បានឱ្យដឹងថា លោកស្រី ចឹក ហេង សមាជិកាព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកាគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ចំណែក លោក អ៊ុន វណ្ណា សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕