(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ (Tayyip Erdogan) បានថ្កោលទោស «ទង្វើប្រើកម្លាំង» របស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ហើយបានអំពាវនាវឲ្យមានការបញ្ឈប់ជាបន្ទាន់នូវអរិភាព នៅពេលដែលមេដឹកនាំទាំងពីរបានសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃចន្ទនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបានបញ្ជាក់ថា «ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរបំផុតចំពោះការកើនឡើង នៃជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសមួយចំនួនធំរួចទៅហើយ ហើយប្រឈមនឹងផលវិបាករយៈពេលវែងយ៉ាងធ្ងន់ធ្ងរសម្រាប់តំបន់ទាំងមូល»។

សេចក្តីថ្លែងការណ៍បានបន្តថា «មេដឹកនាំទាំងពីរបានថ្លែងគាំទ្រការបញ្ឈប់ជាបន្ទាន់នូវអរិភាព និងការដោះស្រាយបញ្ហាដែលកំពុងមានវិវាទ រួមទាំងបញ្ហាដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ តាមរយៈមធ្យោបាយនយោបាយ និងការទូតតែប៉ុណ្ណោះ»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ៕