(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោឬស្សី ដឹកនាំដោយលោក ទេព ហន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៥គ្រួសារ ស្ថិតនៅភូមិចំនួន៣ ឃុំរបស់មង្គល និងឃុំគារ នៃស្រុកមោងឬស្សី ដែលរងគ្រោះ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះលោក ទេព ហន បានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ពោល គឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

ប្រធានអនុសាខាកាកបាទក្រហម បានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយថ្វីត្បិតតែអំណោយ មនុស្សធម៌ដែលបាននាំយក មកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយគ្រាផងដែរ។

លោក ទេព ហន បានបន្តថា ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗ ត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួល ចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ២៥គីឡូក្រាម មីជាតិ ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ ០១យួរ ទឹកសុទ្ធ០២យួរ និងភេសជ្ជៈ ០១កេស ផងដែរ។ បន្ទាប់មកលោក ទេព ហន និងសហការី បានបន្តចុះសួសុខទុក្ខលោក ទូច ហឹម មេឃុំ និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំរបស់មង្គល និងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០ម៉ឺនរៀលផងដែរ៕