(រតនគិរី)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ជូនដល់តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជនក្នុងខេត្តរតនគិរី។
ក្នុងគោលបំណងដើម្បីលើកកម្ពស់ចំណេះដឹងអំពីការធានារ៉ាប់រងជាកាតព្វកិច្ចជូន ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ក្រុមហ៊ុនសាងសង់ ព្រមទាំងសហគ្រាស សិប្បកម្ម និងរោងចក្រក្នុងមូលដ្ឋានខេត្តរតនគិរី។
សិក្ខាសាលាផ្សព្វផ្សាយនេះបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃ ន.ធ.ក. សមាជិកក្រុមការងារអន្តរក្រសួង តំណាងលោកប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. និងលោកងិន ណែល អភិបាលរងខេត្តរតនគិរី។
លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា បានថ្លែងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ដែលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៦ កំពុងធ្វើប្រតិបត្តិការអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទ្រព្យសកម្មសរុបជាង ១,១៩ប៊ីលានដុល្លារអាម៉េរិក និងទំហំបុព្វលាភដុលប្រមាណ ៣៥៧លានដុល្លារអាម៉េរិក និងបានរួមចំណែកក្នុងសេដ្ឋកិច្ចប្រមាណ ១,១៣% ក្នុងនោះប្រជាជនកម្ពុជាម្នាក់ជាមធ្យមប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណ ២០,៦៥ដុល្លារអាម៉េរិក។ លើសពីនេះ ទីផ្សារធានារ៉ាប់រងនៅកម្ពុជាមានផលិតផលសម្បូរបែបជាអាទិ៍៖ ផលិតផលធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន និងធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប។
យោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលបានធ្វើវិសោធនកម្មក្នុងឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន៖
*១-ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត
*២-ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ
*៣-ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន
លោកស្រីបណ្ឌិតអគ្គនាយករង បានបន្ថែមថា ន.ធ.ក. បានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាអាទិភាព តាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ អំពីការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច ដែលកំណត់ដោយច្បាប់៕