(ស្វាយរៀង)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្តស្វាយរៀង បានណែនាំមន្ត្រីបក្សចុះជួយមូលដ្ឋានខេត្ត បន្តគ្រប់គ្រង សមាជិកបក្ស និងពង្រីកសមាជិកគណបក្សថ្មីឲ្យបានគ្រប់មូលដ្ឋាន សំដៅធានាច្បាប់យកប្រៀបខ្លាំងប្រៀបឈ្នះ ក្នុងពេលបោះឆ្នោត ផ្តល់តួនាទីជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេសឲ្យបានគ្រប់ៗអាណត្តិ។

ការមានប្រសាសន៍របស់សម្ដេច ម៉ែន សំអន បានធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ឆ្នាំ២០២៥ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ក្រោមវត្តមានចូលរួមពី ក្រុមការងារ ថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក ក្រុង ចុះជួយមូលដ្ឋានក្នុងខេត្តស្វាយរៀងប្រមាណជាង៥០០នាក់ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងនាមប្រធានក្រុមការងារ សម្ដេចកិតិ្តសង្គហបណ្ឌិត បានកោតសរសើរ ចំពោះលោក លោកស្រី មន្ត្រីគណបក្សថ្នាក់កណ្ដាលដែលបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានបានល្អលើគ្រប់វិស័យ ទាំងការងារសន្តិសុខ សេដ្ឋកិច្ច និងជីវភាព បង្កគ្រប់លក្ខណៈសម្បត្តិឲ្យពលរដ្ឋចូលរួមបង្កបង្កើនផល និងប្រកបរបរផ្សេងៗប្រកបដោយសុវត្ថិភាព និងសន្តិសុខល្អ។

សម្ដេចក៏បានណែនាំ និងជំរុញក្រុមការងារ បន្តចុះផ្សព្វផ្សាយលទ្ធផល នៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាថ្ងៃទី២ ទី ៣ ខែមិថុនា ដែលរួមមានប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម ផ្សព្វផ្សាយគោលនយោបាយ សំខាន់ៗ របស់គណបក្ស និងរាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេសសមិទ្ធផលទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច បន្តក្តាប់ជាប់ជាប្រចាំសភាពការណ៏ សតិអារម្មណ៍ទាំងក្នុងគណបក្ស ក្នុងចំណោមប្រជាជន មហាជន និងបន្តអប់រំ ពលរដ្ឋ យុវជនដើម្បីធានាដល់ការអនុវត្តរាល់ភារកិច្ចការនយោបាយ របស់គណបក្សប្រកបដោយប្រសិទ្ធភាព។

សម្ដេចក៏បានជំរុញក្រុមការងារយុវជនគណបក្សត្រូវបន្តខិតខំចលនាកម្លាំងយុវជនគណបក្សគ្រប់ថ្នាក់ឱ្យសកម្មចូលរួមគ្រប់ការងារសង្គមដឹកនាំយុវជនចូលរួមធ្វើសកម្មភាពបម្រើការងារគណបក្ស ទាំងការងារនយោបាយ សតិអារម្មណ៏ និងចាត់តាំង ជាពិសេសចំពោះមុខត្រូវចូលរួមបំផុសចលនាយុវជនឲ្យមានមនសិការស្នេហាជាតិ មានគំនិតជាតិនិយម ស្រឡាញ់សន្តិភាព មានគោលជំហជឿជាក់ការនាំដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល និងចំពោះមុខត្រូវចូលរួមយ៉ាងសកម្មក្នុងការតាមដាននិងទប់ស្កាត់ឲ្យបាននៅរាល់ការប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងក្នុងគោលបំណងផ្ដួលរាជរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន។

ទាក់ទងទៅនិងគំនិតផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៏ សៅ សុខា ស្នើថ្នាក់ដឹកនាំបក្ស ក៏ដូចជារដ្ឋបាលខេត្ត ស្រុក ក្រុង ឲ្យមានការលើកស្លាកស្តីពីដំណើរការស្វែងរកការផ្តួលរំលំនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់សម្តេចតេជោ និងឥស្សរជន សម្តេចបានឯកភាព ដោយធ្វើការណែនាំដល់មន្ត្រីបក្ស រដ្ឋបាលខេត្ត ស្រុក ក្រុងត្រូវរករូបដើម្បីលើកឲ្យបានគ្រប់មូលដ្ឋាន និង ចលនាពលរដ្ឋ ឲ្យយល់កាន់តែច្បាស់ពីវីរភាព នៃការលះបង់របស់ប្រមុខដឹកនាំគណបក្ស របស់យើងនាពេលកន្លងមក សំដៅឲ្យពលរដ្ឋ ពិសេសយុវជនបន្តថែរក្សាសមិទ្ធផលនេះឲ្យបានគង់វង់ទៅថ្ងៃអនាគត៕