(ព្រះវិហារ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងបរិភោគឧបភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងជួរមុខការពារព្រំដែន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងខេត្តព្រះវិហារ។
ការចុះជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា, សមាជិក សមាជិកា ព្រឹទ្ធសភា, ទីប្រឹក្សា, ថ្នាក់ដឹកនាំនិងមន្ត្រីខុទ្ទការល័យថ្នាក់ដឹកនាំព្រឹទ្ធសភា, ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាច្រើននាក់។ ពិធីនេះបានប្រព្រឹត្តធ្វើឡើង នៅទីតាំងចំនួនពីរ ដាច់ដោយឡែកពីគ្នា គឺ ទី១៖ នៅកងពលតូចអន្តរាគមន៍លេខ៨ និងទី២៖ នៅទីបញ្ជាការដ្ឋាន កងអង្គរក្សការពារព្រំដែនតំបន់មុំបី នៃខេត្តព្រះវិហារ។
នាឱកាសនោះ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបណ្តយព្រំប្រទល់កម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ត្រៀមប្រយុទ្ធការពារបូរណភាពដែនដីនៃមាតុភូមិកម្ពុជា និងបានគូសបញ្ជាក់ពី ការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចទាំងពីរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ជាពិសេសសុខទុក្ខរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដោយចាត់ទុកជាសុខទុក្ខផ្ទាល់របស់សម្តេច ព្រមទាំងបានសម្តែងនូវគារវកិច្ចកោតសរសើរ និងគោរពចំពោះវីរភាពអង់អាចក្លាហានរបស់វីរយុទ្ធជន ដែលបានធ្វើពលីកម្មទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត ដើម្បីប្រទេសជាតិ។
លោកអនុប្រធានទី១ ព្រឹទ្ធសភា ក៏បានរំឭកពីពាក្យពេចន៍ពីរឃ្លាដ៏ពិសិដ្ឋ និងមានអត្ថន័យដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់សម្តេចតេជោ ដែលត្រូវបានចារទុកក្នុងទឹកចិត្តរបស់អ្នកស្នេហារជាតិគ្រប់ៗរូប ដែលមានខ្លឹមសារថា «សន្តិភាពត្រូវបានការពារដូចជាអាយុជីវិតរបស់យើង ហើយដែនដីត្រូវបានការពារដូចជាដួងព្រលឹងរបស់យើង»។
លោកអនុប្រធានទី១ ព្រឹទ្ធសភា បន្ថែមថា សន្តិភាព មិនមែនជាអំណោយនោះទេ តែជាសមិទ្ធផលដែលទទួលបានដោយលំបាក តាមរយៈការបូជាទាំងកម្លាំងកាយ ចិត្ត និងការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ដោយមានការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីជាគុណប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន រហូតមកដល់ពេលបច្ចុប្បន្ន។
ក្នុងន័យនេះ ការការពារសន្តិភាព ជាកាតព្វកិច្ចដែលបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរួមសាមគ្គីឯកភាជាធ្លុងមួយការពារ ទោះក្នុងតម្លៃណាក៏ដោយ ដោយផ្សាភ្ជាប់នឹង ការការពារដែនដីដូចជាដួងព្រលឹងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាននៃអត្ថិភាពអត្តសញ្ញាណជាតិសាសន៍ វប្បធម៌ ប្រពៃណី កម្មសិទ្ធិ របស់ជាតិនីមួយៗ។ កុំយល់ច្រឡំឲ្យសោះថា បំណងប្រាថ្នារបស់កម្ពុជាចង់បានសន្តិភាព មិនមែនមានន័យថា កម្ពុជាលះបង់សិទ្ធិអធិបតេយ្យក្នុងការការពារទឹកដីមាតុភូមិរបស់ខ្លួននោះទេ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ុច បូររិទ្ធ។
លោកអនុប្រធានទី១ ព្រឹទ្ធសភា បន្តថា យុទ្ធជន យុទ្ធនារីដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងនៅតាមបណ្តោយព្រំដែននេះ មិនមែនគ្រាន់តែជាយោធាប៉ុណ្ណោះទេ តែជានិមិត្តរូបនៃឯកភាពជាតិ សេចក្តីថ្លៃថ្នូរ និងការប្តេជ្ញាចិត្តរបស់បងប្អូនប្រជាពលរដ្ឋស្នេហាជាតិទាំងអស់ នៅទូទាំងប្រទេស និងជាខែលការពារជាតិមាតុភូមិ ការពារព្រលឹងជាតិខ្មែរ, ជាខែលការពារសន្តិភាព សន្តិសុខ សុវត្ថិភាព និងសេចក្តីសុខសាន្តរបស់ប្រទេសជាតិ។
បើតាមការលើកឡើងរបស់ លោក អ៊ុច បូររិទ្ធ, កម្ពុជាជាប្រជាជាតិមួយដែលស្រឡាញ់សន្តិភាព ចង់រួមរស់ដោយសន្តិសហវិជ្ជមាន និងពង្រីងកិច្ចសហ-ប្រតិបត្តិការល្អប្រសើរជាមួយបណ្តប្រទេសទាំងអស់ នៅក្នុងពិភពលោក លើមូលដ្ឋាននៃការគោរពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមក។ ការណ៍នេះមិនមែនជាឧត្តមគតិអរូបីទេ ប៉ុន្តែជាផ្លែផ្កានៃមេរៀនដ៏ឈឺចាប់ នៃប្រវត្តិសាស្ត្រដែលកម្ពុជាធ្លាប់បានឆ្លងកាត់អស់រយៈពេលជាងពីទសវត្សរ៍នៅក្នុងភ្នក់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍។ កម្ពុជាយល់ច្បាស់ណាស់អំពីគុណតម្លៃសន្តិភាព។ ក្រោមការដឹកនាំដ៏ភ្លឺស្វាងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ និងប្រកបដោយថាមពលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរកម្ពុជា កម្ពុជានឹងបន្តស្វែងរកដំណោះស្រាយទំនាស់ដោយសន្តិវិធីឈរលើមូលដ្ឋានរដ្ឋធម្មនុញ្ញជាតិ ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕