(ព្រះវិហារ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងស្វាគមន៍ចំពោះវត្តមានលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលបានឈ្លាតពេលដ៍មមាញឹក អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាឱកាសនេះ។
លោក សំ លាងទ្រី ក៏បានថ្លែងសង្ខេបពីសកម្មភាពការងារសំខាន់ៗមួយចំនួនជូនគណៈអធិបតី ដូចជាការងារថែទាំផ្លុវថ្នល់ ការងារបម្រើសេវាសាធារណៈ ការងារត្រួតពិនិត្យយានយន្ត និងសុវត្ថិភាពចរាចរណ៍ ការងារសេវាដឹកជញ្ជូន នៅច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងបានថ្លែងលើកឡើងពីបញ្ហាប្រឈមមួយចំនួនទៀតដូចជា៖ការរំលោភដីចំណីផ្លូវ ការដឹកជញ្ជូនលើសទម្ងន់កំណត់ ព្រមទាំងសំណូមពរលើគម្រោងតភ្ជាប់លូមេ ទៅអាងចម្រោះទឹកកខ្វក់ និងគម្រោងសាងសង់ស្ថានីយ៍ចម្រោះទឹកកខ្វក់ ក៏ដូចជាការផ្ទេរការថែថែទាំផ្លូវក្នុងក្រុងព្រះវិហារ មកឱ្យមន្ទីរជាអ្នកទទួលបន្ទុកវិញ។
ដោយឡែកលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានកោតសរសើរដល់លោក សំ លាងទ្រី និងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវ ខ្ពស់ រហូតសម្រេចបានស្នាដៃ និងសមិទ្ធិផលដូចជាផ្លូវថ្នល់ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនទៀតគួរជាទីមោទនៈ។
លោក គីម រិទ្ធី ក៏ថ្លែងអំណរគុណលោក សំ លាងទ្រី ដែលមានគំនិតច្នៃប្រឌិតជួសជុលថែទាំផ្លូវ ទាំងមិនមានថវិការថែទាំផ្លូវ ហើយខេត្តក៏មិនមានថវិកាក្នុងការថែទាំផ្លូវដែរ។
លោក ប៉េង ពោធិ៍ បានថ្លែងលើកឡើងថា វិស័យសាធារណការ និងដឹកជញ្ជូន គឺមានការខិតខំពីរាជរដ្ឋាភិបាលអណត្តិមុនៗ តាំងពីអណត្តិទី១ដល់អណ្តិទី៦ ពិសេសក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអភិវឌ្ឍន៍វិស័យសាធារណការរបស់យើង មានការសាទរជាច្រើនពីប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំនៅក្នុងប្រទេសរបស់យើង។លោកថាចំពោះវិស័យសាធារណការ និងដឹកជញ្ជូន សម្រាប់អណត្តិទី៧ក៏យើងខិតខំដូច អណត្តិមុនៗដែរ គឺយើងបន្តអភិវឌ្ឍន៍វិស័យផ្លូវទឹក វិស័យផ្លូវគោក វិស័យផ្លូវដែក វិស័យកំពង់ផែ ហើយវិស័យទាំងនេះសម្តេចមហាបវរធិបតីបានប្រកាសរួចហើយ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងណែនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ត្រូវខិតខំពង្រឹងគុណភាពផ្លូវថ្នល់ លិកថាកត្តាធ្វើឱ្យផ្លូវថ្នល់ខូចគឺមានកត្តាជាច្រើនដូចជា៖ កត្តាសាង់សង់ បច្ចេកទេស សម្ភារៈ ការប្រើប្រាស់ ការដឹកជញ្ជូនលើសទម្ងន់ និងកត្តាធម្មជាតិទឹកភ្លៀង ប៉ុន្តែកត្តាដែលយើងគ្រប់គ្រងបានគឺយើងត្រូវតែគ្រប់គ្រង កត្តាខ្លះយើងមិនអាចគ្រប់គ្រងបាន ដូចជាគ្រោះធម្មជាតិ ប៉ុន្តែលោកសង្កត់ថា ផ្លូវខូចកុំឱ្យមកពីកំហុសបច្ចេកទេស។
ពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កំណត់ លោក ប៉េង ពោធិ៍ ថា៖អណត្តិមុនៗក៏មានដែរ ប៉ុន្តែយើងមិនបណ្តោយឱ្យអ្វីដែលមានពីមុនមកនៅតែបន្តដោយមិនមានយន្តការរឹតបណ្តឹងនោះទេ?ពាក់ព័ន្ធនិងការដឹកជញ្ជូនលើសទម្ងន់ អ្វីដែលយើងចង់ផ្តោតមុនគេ គឺលុបបំបាត់នៅការទទួលសេវាក្រៅផ្លូវការ បើពិនិត្យឃើញដឹកលើសទម្ងន់គឺត្រូវតែផាក ពីមុនយើងផាកហើយគឺឃាត់ទុក១ឆ្នាំទៀត តែដោយសារការឃាត់ទុកប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ របស់ក្រុមហ៊ុនត្រូវយកឡានដឹកជញ្ជូន ដូច្នេះយើងមិនឃាត់ទុកទេ តែយើងត្រូវតែផាកពិន័យ ហើយការផាកពិន័យនេះគឺអត់លើកលែងទេ។
នៅក្នុងឱកាសនេះដែរលោក ប៉េង ពោធិ៍នា ក៏បានបំពាក់មេដាយការងារជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ ជូនថវិការ និងឧបករណ៍ សម្ភារមួយចំនួនដូចជា៖ អាវសុវត្ថិភាព១០កំប្លេ មួកសុវត្ថិភាព១០កំប្លេ ភ្លើងសញ្ញា២កំប្លេ ផ្លាកសញ្ញាការដ្ឋាន១៤កំប្លេ កោងសុវត្ថិភាព១០កំប្លេ ម៉ាសុីនកាត់ស្មៅ១គ្រឿង មួកសុវត្ថិភាពចំនួន១០០មួក ស្ទីកឃ័រចំណាំងផ្លាតចំនួន៥០០០ ខូលមិច ចំនួន៤តោន និងឧបករណ៏ជាច្រើនទៀត ព្រមទាំងបានអញ្ជើញចុះពិនិត្យលំនៅដ្ឋានមន្ត្រីផងដែរ៕