(សៀមរាប)៖ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការមានជំនាញមួយច្បាស់លាស់ នឹងផ្តល់លទ្ធភាពកាន់តែខ្ពស់ ព្រមទាំង អាចចូលរួមចាប់យកឱកាស និងទទួលបានផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចជាតិ សំដៅឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារបស់ខ្លួន ដែលចង់មានប្រាក់ចំណូល និងកម្រិតជីវភាពកាន់តែប្រសើរ ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងស៊ីវិល័យ។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក ឌី រ៉ាដូ នៅក្នុង ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នាថ្ងៃទី១៥ ​ខែមិថុនា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត, លោក ឌី រ៉ាដូ អភិបាលរងខេត្ត, លោក អ៊ឹម ចំរើន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងលោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ព្រមទាំង លោក លោកស្រី ជាអភិបាលក្រុង-ស្រុក ចៅសង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត តំណាងអង្គការអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ និងសិស្ស ​និសិត្សជាច្រើនផងដែរ។

លោកបានបន្តថា នេះគឺជាចក្ខុវិស័យច្បាស់លាស់ និងមុតស្រួច ក្នុងការផ្តល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិត ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈមួយ ដើម្បីទទួលបានឱកាសការងារ និងបង្កើតការងារដោយខ្លួនឯង ប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ដោយឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចេរភាព ភាពធន់ និងបរិយាបន្ន។

លោក ឌី រ៉ាដូ បញ្ជាក់ថា តាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តសៀមរាប ក៏មានវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ចំនួនពីរ គឺវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលបាន នឹងកំពុងធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជាច្រើនមុខជំនាញ ដូចជា៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសាក្រី ក្រ និងគ្រួសារងាយរងហានិភ័យ។

លោកស្រី ផង់ ពុទ្ធី បានឲ្យដឹងថា វិទ្យាស្ថានបានអនុវត្តនូវបេសកកម្មរបស់ខ្លួន ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ននេះ មានសិក្ខាកាម សិស្ស និស្សិតចំនួន៦៣,៩១៦នាក់ (ស្រី២៥,៥៦៦នាក់)។ ជាពិសេស ដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលបានប្រកាសក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី លើកដំបូងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលជាកម្មវិធីគោលនយោបាយអទិភាព១ ក្នុងចំណោម៦ របស់រាជរដ្ឋាភិបាល។

លោកស្រី បន្តថា វិទ្យាស្ថាន បានទទួលសិស្សចុះឈ្មោះចូលរៀនចំនួន ១៦២០នាក់ (ស្រី៥៤៥នាក់) និងកំពុងរៀន ចំនួន៥៩៧នាក់(ស្រី២៤១នាក់) បានបញ្ចប់ការសិក្សាសរុបចំនួន៥៦៩នាក់ (ស្រី២១៦នាក់) លើមុខជំនាញ ការដំឡើញបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើង និងថែទាំកាម៉េរាសុវត្ថិភាព សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការរចនាក្រាហ្វិកដោយកុំព្យូទ័រ កាត់សក់បុរស សម្អាងកាយ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការធ្វើម្ហូបខ្មែរ និងធុរកិច្ចភេសជ្ជៈ ដែលមុខជំនាញបណ្តុះបណ្តាលទាំងអស់នេះ មានរយៈពេល៤ខែ ស្មើនឹង៦៣០ម៉ោង មានរួមបញ្ជូលនូវជំនាញប្រមុំ ជំនាញទន់ និងកម្មវិធីចុះហាត់ការនៅតាមសហគ្រាស រោងជាងឯកជន ដែលជាដៃគូររបស់វិទ្យាស្ថាន។

សូមបញ្ជាក់ថា កម្មវធីបណ្តុះបណ្តាលមុខជំនាញទាំងអស់ខាងលើនេះ ពុំមានបង់ប្រាក់ទេ តែយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ម៉ឺនរៀល រយៈពេល៤ខែ។ ទន្ទឹមនឹងនេះ វិទ្យាស្ថាននឹងត្រូវជ្រើសរើសសិស្សចំនួន១០០០នាក់បន្ថែមទៀត ចាប់ពីខែមិថុនា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។

ដោយឡែក យុវជន ឃឿន ប៊ុនរ័ត្ន និងយុវតី ជុំ ភ័ស្ត បានឲ្យដឹងថា វគ្គសិក្សានេះបានផ្តល់នូវចំណេះ និងជំនាញមួយពិតប្រាកដ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលគាត់មិនមានសមត្ថភាពរៀន។ វគ្គបណ្តុះបណ្តាលនេះ ពិតមានជាសារៈសំខាន់ណាស់ដល់យុវជន និងយុវតី ដែលបោះបង់ចោលការសិក្សា ឲ្យងាកមកចូលរៀនវគ្គសិក្សារបស់វិទ្យាស្ថាននេះបាន ដោយទទួលបាននូវចំណេះ និងជំនាញមួយច្បាស់លាស់ អាចយកប្រកបមុខរបរ ដើម្បីផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារបានផងដែរ។

ជាមួយនេះដែរ យុវជន និងយុវតី ក៏បានអំពាវនាវដល់ពលករ ដែលធ្វើការចំណាកស្រុកទាំងអស់ នៅពេលត្រឡប់មកវិញ ប្រសិនបើចង់មានជំនាញមួយច្បាស់លាស់ អាចមកដាក់ពាក្យចូលរៀន ក្នុងគម្រោង «TVET» នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលមានទីតាំងស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង ​ខេត្តសៀមរាប៕