(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ចំនួន២លានរៀល មកប្រគល់ជូនដល់ កម្លាំងយោធាម្នាក់ នៅមន្ទីរពេទ្យយោធភូមិភាគទី៥ ដែលរងគ្រោះថ្នាក់ ក្នុងឧបទវហេតុជាន់មីន បែកកែងជើងឆ្វេង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខណៈកំពុងបំពេញបេសកកម្មនៅឃុំថ្មដា ស្រុកវាលវែង។

លោក ខូយ រីដា បានចូលរួមសោកស្តាយ និងបាននាំយកការផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះយោធារងគ្រោះថ្នាក់នាពេលនេះ។ ជាមួយគ្នានោះ លោកក៏បានលើកទឹកចិត្តដល់យោធារងគ្រោះ និងក្រុមគ្រួសារ ត្រូវមានសង្ឃឹមជានិច្ច ត្បិតយើងនៅមានជីវិតនៅឡើយ និងសូមឱ្យឆាប់បានជាសាស្បើយ ត្រឡប់ទៅលំនៅដ្ឋាន និងមានឱកាសការពារជាតិមាតុភូមិបន្តទៀត។

លោកអភិបាលខេត្ត ក៏សូមថ្លែងអំណរគុណក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យយោធភូមិភាគទី៥ ដែលកន្លងមក ក៏ដូចជាពេលនេះ បានស្វះស្វែងជួយអន្តរាគមន៍ជួយសង្គ្រោះអាយុជីវិត យោធា និងប្រជាពលរដ្ឋជាច្រើន ពិសេសយោធារងគ្រោះម្នាក់នេះ និងបានធូរស្រាលជាបន្តបន្ទាប់។

ក្នុងថ្ងៃដដែលនោះលោក ខូយ រីដា ក៏បានបន្តសួរសុខទុក្ខ និងនាំយកថវិកា ចំនួន២លានរៀល ប្រគល់ជូនក្រុមគ្រួសារ ឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរង យោធភូមិភាគទី៥ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានផងដែរ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៥៖១០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ មានការណីផ្ទុះគ្រាប់មីន ដែលបន្សល់ពីសង្រ្គាមមួយលើក នៅចំណុចអូរដើមចេក (យាយម៉ៅ) ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ករណីនេះបណ្តាលឱ្យជនរងគ្រោះម្នាក់ឈ្មោះ ប្រាក់ រៀម ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរយោធា នៃអង្គភាពវរសេនាតូចថ្មើរជើងការពារព្រំដែនកម្ពុជា-ថៃ លេខ៥០១ រស់នៅភូមិឃុំកើតហេតុខាងលើ រងរបួសបែកកែងជើងខាងឆ្វេង បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យយោធភូមិភាគទី៥ ខេត្តបាត់ដំបង៕

>