(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងឲ្យដឹងថា ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ថៃយល់ខុសហើយ ដែលពង្រីកជម្លោះព្រំដែនពីមុំ៣ ដល់វិស័យដទៃទៀតរួមទាំងវិស័យពាណិជ្ជកម្ម។ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកផងដែរថា តើអ្នកដឹងទេថា កាលពីជម្លោះព្រំដែននៅឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំមេគង្គ-ជប៉ុន នៅតូក្យូ អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា បានប្រកាសបិទព្រំដែន ជាការឆ្លើយតបសម្តេចបានប្រកាស ឈប់ប្រើប្រាស់ទំនិញថៃ បន្ទាប់ពីការប្រកាសរបស់សម្តេចតេជោ ភាគីថៃមិនហ៊ានបិទព្រំដែននោះទេ ចុះហេតុអ្វីពេលនេះហ៊ានបិទព្រំដែន?។
ថ្លែងសារពិសេសចេញពីវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ខ្ញុំបាននិយាយពីដើមទីហើយ កុំឲ្យជម្លោះរីករាលដាលពីកន្លែងមួយទៅកន្លែងមួយ, ពីវិស័យមួយទៅកាន់វិស័យមួយផ្សេងទៀត ប៉ុន្ដែបែរជាខាងណោះ (ថៃ) គិតថា នេះជាចំណុចខ្សោយរបស់កម្ពុជា ខុសហើយ អ្នកគិតខុសហើយ ដែលធ្វើឲ្យបញ្ហាមួយរីករាលដាលដល់វិស័យដទៃ ក្នុងនោះមាន វិស័យពាណិជ្ជកម្ម និងការដឹកជញ្ជូនឆ្លងកាត់របស់ប្រជាពលរដ្ឋ អ្នកពិតជាយល់ខុស»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ខ្ញុំនិយាយដោយស្មោះត្រង់ សូម្បីតែស្ថានភាពកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ក្នុងស្ថានពេលនោះមិនមានការរីករាលដាលនោះទេ ខ្ញុំសូមរំលឹកថា ពេលនោះមានកិច្ចប្រជុំមេគង្គ-ជប៉ុន នៅតូក្យូ អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា បានប្រកាសថា នឹងបិទព្រំដែនកម្ពុជា-ថៃ ពេលខ្ញុំធ្វើដំណើរមកដល់ពោធិ៍ចិនតុង ខ្ញុំក៏បានប្រកាសថា ប្រសិនបើថៃហ៊ានបិទព្រំដែនកម្ពុជា-ថៃ កម្ពុជានឹងប្រកាសឈប់ប្រើប្រាស់ទំនិញថៃទាំងអស់ ដូច្នេះក្នុងអំឡុងពេលនោះ អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត មិនហ៊ានបិទព្រំដែននោះទេ ចុះហេតុម្ដេចពេលនេះអ្នកឯងហ៊ានធ្វើបែបនេះ?»។
សម្ដេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា ជាការឆ្លើយតបកម្ពុជាត្រូវតែអនុវត្តន៍វិធីសាស្រ្ដដ៏រឹងមាំរបស់ខ្លួន យើងត្រូវជំនួសដោយផលិតផល ក្នុងស្រុករបស់យើង ដែលផលិតបាន និងប្រើប្រាស់ទំនិញពី បណ្ដាប្រទេសផ្សេងក្រៅអំពីប្រទេសថៃ ចំពោះសារនេះកម្ពុជាក៏បានបញ្ជូនចេញពីមុនរួចរាល់ហើយ ប៉ុន្ដែយើងសូមបញ្ជាក់ឡើងវិញទាំងអស់ រាជរដ្ឋាភិបាលបានត្រៀមខ្លួនហើយ ក្នុងការធ្វើកិច្ចការទាំងឡាយ ព្រមទាំងកាត់បន្ថយទាំងអស់ លើការពឹងពាក់ពីសំណាក់ថៃ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់មួយចំណុចទៀតថា «ជាក់ស្ដែងមាននិស្សិតដែលកំពុងសិក្សានៅក្នុងប្រទេសថៃ បានបង្ហាញក្ដីព្រួយបារម្ភ ចំពោះការសិក្សារៀនសូត្រនៅក្នុងប្រទេសថៃ ដូច្នេះខ្ញុំផ្ដាំទៅដល់និស្សិតទាំងអស់ថា ប្រសិនបើគេ (ថៃ) បន្ដឲ្យរៀនបាន គឺរៀនចុះ ប៉ុន្ដែក្នុងករណីទ្រាំមិនបានទេ សូមវិលត្រឡប់មកកម្ពុជាវិញ ហើយបន្ដសិក្សារៀនសូត្រនៅប្រទេសកម្ពុជា ពេលមកដល់នឹងមានអាហារូបករណ៍រៀននៅស្រុកខ្មែរ ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡា ឬរាជរដ្ឋាភិបាលមិនអាចទទួលខុសត្រូវបានទេ ខ្ញុំជាអ្នកទទួលខុសត្រូវ រ៉ាបរងថវិកាជូនដល់និស្សិតទាំងអស់ក្នុងការសិក្សា»៕