(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីមានការដកស្រង់ប្រសាសន៍យកទៅផ្សាយខុសនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកបញ្ជាក់បន្ថែមថា វិធានការរបស់កម្ពុជា ចំពោះការបិទព្រំដែនជាឯកតោភាគីពីសំណាក់យោធាថៃនោះ គឺកម្ពុជាទុកពេល២៤ម៉ោង ឱ្យភាគីថៃធ្វើឱ្យស្ថានភាពតាមច្រកព្រំដែនវិលត្រឡប់ទៅស្ថានភាពដើមវិញ បើមិនដូច្នោះទេ កម្ពុជា នឹងបិទមិនឱ្យនាំចូលបន្លែ និងផ្លែឈើថៃ ចូលមកកម្ពុជានៅគ្រប់ច្រកព្រំដែនទាំងអស់។
សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំទទួលបាននូវការជូនពី លោក កែវ ម៉ូលី មន្ត្រីខុទ្ទកាល័យនេះគឺចេញផ្សាយជាបន្ទាន់ពី Khaosod English គេប្រើពាក្យថា Khmer Times ជាអ្នកលើករឿងនេះ ចឹងសូមពិនិត្យមើលថា Khmer Times ជាអ្នកផ្សាយរឿងនេះ ឬកាសែតថៃជាអ្នកយកទៅផ្សាយខុស។ អ៊ីចឹងសូមយកពាក្យសម្ដីខ្ញុំ យកទៅផ្សាយឡើងវិញទៀតបញ្ជាក់ថា កម្ពុជាស្អែកនេះ ប្រកាសបិទការនាំចូលផ្លែឈើ និងបន្លែទៅទាំងព្រំដែនតែម្ដង គឹអត់បាននិយាយអំពីការប្រកាសបិទទល់ដែនទេ ត្រូវមើលភ្លាមហើយចាក់ផ្សាយទាំងស្រុងទាំងគ្រប់ប្រព័ន្ធទូរទស្សន៍។ ឥឡូវសូមពិនិត្យ Khmer Times ខុស ឬកាសែតថៃនេះខុស។ ខ្ញុំអត់បាននិយាយថាបិទទល់ដែនទេ ខ្ញុំនិយាយថាមិនឱ្យនាំចូលផ្លែឈើនិងបន្លែប៉ុណ្ណោះ»។
ជាមួយគ្នានេះ សម្ដេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ឱ្យពិនិត្យឡើងវិញជាបន្ទាន់ថាខាងណាជាអ្នកផ្សាយខុស ហើយអ្នកនាំពាក្យ និងការបញ្ជូនសារនានាត្រូវចេញឱ្យស្រូតបំផុត តាមដែលអាចធ្វើបាន ជៀសវាងនូវការភ័ន្តច្រឡំ។ សម្ដេច បានសង្កត់ធ្ងន់ដូច្នេះថា៖ «ខ្ញុំមិនធ្វើថោកទាបបិទទល់ដែនទេ តែខ្ញុំគ្រាន់តែបញ្ជាក់ថាជាការឆ្លើយតប គឺយើងឈានទៅបិទនៅថ្ងៃស្អែកនេះតែផ្លែឈើនិងបន្លែទេ ខ្ញុំអត់បាននិយាយថាបិទទល់ដែនទេ តែនៅក្នុងសំណេររបស់គេនេះ គឺបិទទល់ដែន ខ្ញុំមិនពូកែអង់គ្លេសតែខ្ញុំយល់..អ៊ីចឹងសូមឱ្យខាងថៃពិនិត្យឡើងវិញ ហើយBangkok Postនោះក៏ផ្សាយទៀត ដូច្នេះស្រាវជ្រាវមើលព័ត៌មានភ្លាមៗ»។
ក្រោយពិនិត្យលម្អិតពីប្រភពសារនោះហើយ ឃើញថាសារព័ត៌មាន Khmer Times ជាអ្នកផ្សាយ ដែលបង្កការភ័ន្ធច្រឡំដល់ក្រសួងការបរទេសថៃ ខណៈសម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យ Khmer Times ធ្វើការកែសម្រួលព័ត៌មានឱ្យត្រឹមត្រូវឡើងវិញជាបន្ទាន់ ព្រោះសម្ដេចមិនបានលើកឡើងថានឹងបិទទល់ដែននោះទេ គ្រាន់តែបិទការនាំចូលបន្លែ និងផ្លែឈើពីថៃតែប៉ុណ្ណោះ៕