(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងបញ្ហាបិទព្រំដែន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋថៃ កុំខឹងសម្បាជាមួយនឹងកម្ពុជា នឹងអាចទៅតវ៉ាជាមួយទាហ៊ានថៃខ្លួនឯង ព្រោះទាហ៊ានថៃជាអ្នកបិទព្រំដែនដោយខ្លួនឯង មិនមែនកម្ពុជាជាអ្នកបិទមុននោះទេ ហើយនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃ។
នាឱកាសថ្លែងសារពិសេសពាក់ព័ន្ធពលករខ្មែរនៅថៃ និងការបិទព្រំដែនដោយឯកតោភាគីរបស់យោធាថៃ ព្រមទាំងស្ថានភាពថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសូមបងប្អូនប្រជាជនថៃ កុំបន្ទោសរដ្ឋាភិបាលកម្ពុជា ក្នុងការបិទច្រកព្រំដែនអន្តរជាតិច្រកដូង ដែលហាមឃាត់ការដឹកផ្លែឈើ និងបន្លែ តាមច្រកនេះ ដែលមានក្នុងមួយថ្ងៃ រាប់រយឡាន ដឹកចូលកម្ពុជា និងឆ្លងកាត់ទៅវៀតណាម។
សម្តេចតេជោ បានបញ្ជាក់ទៀតថា កុំតែមានការសន្ទនារវាងសម្តេច សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្ត្រីថៃ កុំអីថ្ងៃនេះគឺបិទទូទាំងច្រកព្រំដែនតែម្តង ទៅលើការនាំចូលបន្លែ និងផ្លែឈើចូលកម្ពុជា តែសម្តេចបានសម្រេចពន្យាពេល ២៤ម៉ោង ហើយបើថ្ងៃនេះ ភាគីថៃមិនព្រមបើកច្រកព្រំដែនឱ្យដូចដើមវិញទេ ថ្ងៃស្អែកនឹងចាប់ផ្តើមអនុវត្តបិទទូទាំងច្រកព្រំដែនតែម្តង ខណៈដែលពេលនេះកម្ពុជាមិនត្រូវការនាំអ្វីទៅថៃនោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ចំពោះបងប្អូនប្រជាពលរដ្ឋថៃ ត្រូវទៅតវ៉ាជាមួយទាហ៊ានថៃខ្លួនឯង តវ៉ាព្រោះទាហ៊ានថៃជាអ្នកបិទ មិនមែនខ្មែរជាអ្នកបិទទេ ចឹងសូមបងប្អូនថៃ កុំខឹងសម្បាជាមួយកម្ពុជា ព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា គេបានដឹងហើយថាទម្លាប់ក្នុងប្រទេសថៃវាយ៉ាងមិច ហើយយើងយល់ យើងទទួលស្គាល់ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីថៃ មិនមានសិទ្ធដើម្បីនិយាយឱ្យបើក និងឱ្យបិទ ច្រកព្រំដែននោះទេ តែនៅកម្ពុជាមានតែនាយករដ្ឋមន្ត្រីទេ ហើយជាតួអង្គតែមួយតាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម រាប់ទាំងតួអង្គសភា ព្រឹទ្ធសភា ដែលជាតួអង្គនីតិបញ្ញតិ តួអង្គរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងតួអង្គកម្លាំងប្រដាប់អាវុធ គឺជាតួអង្គតែមួយនោះទេជាមួយរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនជ្រៀតជ្រៀកនឹងរឿងដែលបានកើតឡើងនៅប្រទេសថៃនោះទេ តែគ្រាន់តែចង់បង្ហាញជាចម្ងល់ដែរថា ហេតុអ្វីបានជានាយករដ្ឋមន្ត្រីថៃ មានសិទ្ធអាចជួបជាមួយប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្ត្រីកម្ពុជាបាន តែបែជាគ្មានសិទ្ធបញ្ជារឱ្យបើកច្រកព្រំដែនបាន?
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅប្រជាជនថៃដែរថា ប្រសិនបើថៃបើកច្រកព្រំដែនពេលយប់ យ៉ាងយូរបំផុត ៥ម៉ោង កម្ពុជានឹងបើកដូចគ្នាផងដែរ ប៉ុន្តែបើសិនជាថៃបើកច្រកព្រំដែនពេលថ្ងៃវិញ ប្រហែលត្រឹមតែប្រើពេល ១ម៉ោង ឫ ២ម៉ោង កម្ពុជានឹងបើកច្រកព្រំដែនដូចគ្នាផងដែរ, វាងាយខ្លាំងណាស់នៅពេលដែលខ្លួនចេញបញ្ជារឱ្យបិទច្រកព្រំដែនជាឯកតោភាគី គ្រាន់តែដកបទបញ្ជារនេះវិញ ចប់បាត់ទៅហើយ គ្មានចាំបាច់ត្រូវការចរចារនោះទេ៕