(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ត្រីអមដំណើរ នារាត្រីថ្ងៃអាទិត្យទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រី និងអាជ្ញាធរដែនដីចុះពិនិត្យ និងដើរលេងកំសាន្ត នៅផ្លូវថ្មើរជើង (Walk Street) បើទោះបីមានភ្លៀងធ្លាក់យ៉ាងណាក្តី ព្រោះថា ផ្លូវថ្មើរជើងគ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នជិត៥ខែ។
របាំប្រពៃណី ក្ងោកពោធិសាត់ និងល្ខោនបាសាក់ រឿងម៉ាភូយ៉ុងកែវ បង្ហាញខ្លួននៅផ្លូវថ្មើរជើង (Walk Street) នាសប្តាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី១៤ និងទី១៥ មិថុនានេះ ដើម្បីសម្ដែងជូនភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកំសាន្ត បន្ថែមពីលើអ្វីដែលមានស្រាប់ជារៀងរាល់សប្តាហ៍កន្លងមក។
មន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងថា៖ នាសប្ដាហ៍នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងលើកយកនូវផ្ទាំងសិល្បៈទស្សនីយភាពចំនួន០២ ដើម្បីសម្ដែងជូនភ្ញៀវជាតិ អន្តរជាតិ និងពុក ម៉ែ បងប្អូន ទាំងអស់គ្នាទស្សនា នាផ្លូវថ្មើរជើង (Walk Street) ក្នុងនោះ ៖ ទី១-ទស្សនីយភាពសិល្បៈ របាំប្រពៃណី (ក្ងោកពោធិសាត់) ទី២-ទស្សនីយភាពសិល្បៈ ល្ខោនបាសាក់ (រឿងម៉ាភូយ៉ុងកែវ)។
ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើង (Walk Street) នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុនកាឡាក់ស៊ី (Galaxy) និងការសម្តែងសិល្បៈប្រពៃណី របាំងចម្រុះ ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ មានស្តង់លក់ដូរ ជាមួយនិងការរៀបចំស្តង់ម្ហូបអាហារចំនួន២ទីតាំង គឺស្តង់ម្ហូបអាហារម៉ាឡេស៊ី និងស្តង់ម្ហូបអាហារឥណ្ឌាផងដែរ៕