(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ដែលប្រព្រឹត្តទៅចំនួន២យប់២ថ្ងៃ នៅថ្ងៃទី១៤-១៥ មិថុនា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមប្រមាណ២ម៉ឺននាក់ ដើម្បីអបអរសមុទ្រទឹកសាបកម្ពុជា និងដឹងគុណបឹងទន្លេសាប លើកទី៣ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីលោក ឌី រ៉ាដូ អភិបាលរង តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោកអភិបាលស្រុកប្រាសាទបាគង, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, លោកប្រធានមន្ទីរទេសចរណ៍ និង មន្ទីរបរិស្ថានខេត្តសៀមរាប, លោកប្រធានអង្គការមូលនិធិទំពាំងស្នងប្ញស្សី, លោក មេឃុំកំពង់ភ្លុក, លោកមេភូមិ, ព្រមទាំងលោកយាយ លោកតា លោកអ៊ំ ពូ មីង និងបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ទាំង១៧ ដែលប្រព្រឹត្តទៅនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ព្រឹត្តិការណ៍ទេសចរណ៍សហគមន៍ បានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សែនសប្បាយរីករាយ សិ្នទ្ធស្នាល និងសាមគ្គីភាព រវាងប្រជាសហគមន៍ទាំង១៧ ព្រមទាំងបានរៀបចំឡើង ក្នុងគោលបំណងចូលរួមចំណែកអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង សំដៅជំរុញចលនាទេសចរណ៍ក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ទេសចរណ៍។
តាមរយៈព្រឹត្តិការណ៍ទេសចរណ៍ ផ្សារភ្ជាប់នឹងបរិស្ថាននេះ មានសកម្មភាព និងកម្មវិធីជាច្រើនបានរៀបចំឡើង ដូចជា ក្បួនដង្ហែព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន (តាមរថយន្ត និង ថ្មើរជើង), ការប្រកួតកីឡាទេសចរណ៍មិត្តភាព រវាងក្រុមសហគមន៍ និងរដ្ឋបាលស្រុកប្រាសាទបាគង, ការជិះកង់ទេសចរណ៍បរិស្ថាន, កម្មវិធីទេសចរណ៍បែបផ្សងព្រេង តាមឆ្នេរនៃបឹងទន្លេសាប, ការតាំងពិព័រណ៌ផលិតផលសហគមន៍ទេសចរណ៍ធម្មជាតិ, ការសម្អាតបរិស្ថាន, ដាំកូនឈើ, ការបោះជំរុំតង់ទេសចរណ៍បរិស្ថាន, ការបង្ហាញភាពយន្តឯកសារនិងឧទ្ទិសដឹងគុណដល់បឹងទន្លេសាប, ការវាយតម្លៃគ្រួសារស្អាត គ្រួសារបៃតង, ការបណ្តែតប្រទីប, ការបង្ហោះគោម និងសម្តែងទស្សនីយភាពសិល្បៈផ្សេងៗផងដែរ៕