(សៀមរាប)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំក្រុមការងាររួមនៃឧត្តមមន្ត្រីឌីជីថលអាស៊ាន-ក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍ ឆ្នាំ២០២៥ -- The 2025 ASEAN Digital Senior Officials’ Meeting and ASEAN Telecommunications Regulators’ Council (ADGSOM – ATRC) Joint Working Group and Related Meetings with Dialogue and Development Partners ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

កិច្ចប្រជុំនេះ ជាកិច្ចប្រជុំកម្រិតបច្ចេកទេសដ៏សំខាន់ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីឱ្យប្រទេសសមាជិកអាស៊ានជួបជុំពិនិត្យលើវឌ្ឍនភាពការងារ ADGSOM-ATRC ពិភាក្សាពីការលើកសំណើគម្រោងរបស់បណ្តាប្រទេសសមាជិកអាស៊ានពាក់ព័ន្ធនឹងវិស័យឌីជីថល។

បន្ថែមពីនេះ កិច្ចប្រជុំនេះក៏ជាវេទិកាមួយដែលអនុញ្ញាតឱ្យប្រទេសសមាជិកអាស៊ានជួបពិភាក្សាពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធវិស័យឌីជីថល ជាមួយប្រទេសដៃគូសន្ទនា និងអង្គការអន្តរជាតិមួយចំនួនដែលជាដៃគូអភិវឌ្ឍន៍នៅក្នុងក្របខណ្ឌឌីជីថលអាស៊ានដែលរួមមានជប៉ុន ចិន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក ឥណ្ឌា សហព័ន្ធរុស្ស៊ី សហភាពអឺរ៉ុប សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក សហភាពទូរគមនាគមន៍អន្តរជាតិ និងធនាគារពិភពលោក។

កិច្ចប្រជុំនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់ការជំរុញការអនុវត្តផែនការមេឌីជីថលអាស៊ានឆ្នាំ២០២៥ (ADM-25) និងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្រក្នុងការរៀបចំបទប្បញ្ញត្តិឌីជីថល បច្ចេកវិទ្យាទំនើប និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។

គណៈប្រតិភូនៅក្នុងកិច្ចប្រជុំនេះក៏បានពិនិត្យរួមគ្នាលើវឌ្ឍនភាពនៃការអនុវត្តគម្រោងចំនួន ២១ ក្រោមវដ្តការងារឆ្នាំ២០២៥ និងបានពិភាក្សាលើសំណើគម្រោងសម្រាប់វដ្ដការងារឆ្នាំ២០២៦ បន្តពីកិច្ចប្រជុំឧត្តមមន្ត្រីឌីជីថលអាស៊ាន-ក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ានលើកទី១ ឆ្នាំ២០២៥ ដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងកិច្ចប្រជុំ ក៏មានការពិភាក្សាទៅលើសំណើរបស់កាណាដាដែលមានបំណងក្លាយជាដៃគូសន្ទនាផ្លូវការនៅក្នុងក្របខណ្ឌកិច្ចប្រជុំ ADGSOM-ATRC ផងដែរ៕