(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅលើផែនដីតេជោសន្ដិភាពនៃសម័យទំនើបនេះ, ថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ និងថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥នេះគឺជាថ្ងៃសច្ចៈភាពប្រវត្ដិសាស្ត្រសម្រាប់ប្រជាជាតិខ្មែរ និងមនុស្សជាតិដែលស្រទ្បាញ់យុត្ដិធម៌ និងសន្ដិភាពលើពិភពលោក។ ពីព្រោះ៖

*ទី១៖ ថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ រយៈពេល៦៣ឆ្នាំកន្លងមកនេះ ប្រាសាទព្រះវិហារ លើជួរភ្នំដងរែកត្រូវបានតុលាការយុត្ដិធម៌អន្ដរជាតិ ICJ កាត់ក្ដី និងផ្ដល់យុត្ដិធម៌ឲ្យមកកម្ពុជាជាស្ថាពរគឺជាថ្ងៃបិទបញ្ចប់មហិច្ឆិតាឈ្លានពានតាមគំនិតជាតិនិយមជ្រុលសៀម ទាំងកម្រោលមកលើអធិបតេយ្យកម្ពុជា។
*ទី២៖ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥នេះ ជាថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជូនសំណុំរឿងពាក់ព័ន្ធវិវាទព្រំដែនរួមមានប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី លើជួរភ្នំដងរែក ដែលមានវិវាទជាមួយថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJ ជាថ្មីទៀត បន្ទាប់ពីសៀម បានទន្រ្ទានឈ្លានពានតាមមហិច្ឆិតាគំនិតជាតិនិយមជ្រុលសៀមជាថ្មីទៀត និងលួចបាញ់សម្លាប់ពលទាហានខ្មែរម្នាក់ កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ ធ្វើឲ្យមានការផ្ទុះអាវុធដាក់គ្នាមួយរយៈពេលខ្លីកន្លងមកនេះ។

ស្ថិតក្នុងថ្ងៃទី១៥មិថុនា ឆ្នាំ២០២៥នេះ ដែលរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសដំណោះស្រាយយកច្បាប់អន្ដរជាតិនិងសន្ដិភាព ជាចម្បង ស្របតាមសង្គមស៊ីវិល័យលើពិភពលោក ដោយមិនរស់ក្នុងសង្គមប្រើច្បាប់ព្រៃ ធ្វើឲ្យមានការលើកទ្បើងថា តើប្រាសាទតាមាន់ធំ មានឈ្មោះ"សិវបាទបស្ចឹម" មានន័យយ៉ាងណា?

លោក រ័ត្ន សណ្ដាប់ បានថ្លែងរៀបរាប់ថា បើពោលអំពីប្រាសាទតាមាន់ធំ គឺសំដៅដល់ប្រាសាទធំជាងគេ ក្នុងចំណោមក្រុមប្រាសាទមួយចំនួន ដែលនៅក្បែរជុំវិញនោះ មានដូចជា៖ ប្រាសាទចាន, ប្រាសាទតាមាន់តូច និងប្រាសាទតាមាន់ គឺជាស្នាដៃស្ថាបត្យកម្មខ្មែរសម័យអង្គរកសាងទ្បើងនៅលើជួរភ្នំដងរែក នាភាគខាងលិចនៃរាជធានីចក្រភពអង្គរដ៏រុងរឿង។ ប្រាសាទតាមាន់ធំ កសាងទ្បើងនៅស.វទី១១ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ បន្ដមករាជព្រះបាទឧទ័យាទិត្យទី២ និងបន្ដមកដល់រាជព្រះបាទជ័យវរ្ម័នទី៧ ដើមស.វ.ទី១៣ បើតាមសិលាចារឹកប្រាសាទនេះ មានឈ្មោះថា"សិវបាទបស្ចឹម"។

ពាក្យ"សិវបាទ" គឺជាព្រះបាទ ឬជើងរបស់ព្រះសិវ ឬព្រះឥសូរ , រីឯ"បស្ចឹម" ទិសខាងលិច ដូចជាមានខេត្ដខ្មែរពីសម័យបុរាណបស្ចឹមបុរី, ខ្មែរទិសខាងលិចនៃរាជធានីអង្គរ,រីឯបច្ចុប្បន្នថៃ បស្ចឹមបុរីទិសខាងកើតនៃក្រុងបាងកកទៅវិញ។ បើពោលឲ្យចំ ប្រាសាទតាមាន់ធំសម្រាប់ឧទ្ទិសដល់"អទិទេពសិវបាទបស្ចឹម" ឬ"សិវបាទខាងលិច"ជាទេពចម្បង ដើម្បីនាំមនុស្សឈានទៅរកសេចក្ដីស្ងប់សុខ គឺស្ថានព្រះសិវហៅថា"ព្រះនៃសេចក្ដីស្ងប់សុខ"។

ក្រោយពីការធ្លាក់ចុះនៃចក្រភពអង្គរ និងសង្រ្គាមជាបន្ដបន្ទាប់មក សព្វថ្ងៃក្រុមប្រាសាទតាមាន់ធំស្ថិតនៅលើជួរភ្នំដងរែកតាមបណ្ដោយបន្ទាត់ព្រំដែនខ្មែរ-ថៃ។ បច្ចុប្បន្នប្រាសាទតាមាន់ធំ ហៅតាមរឿងព្រេងរបស់អ្នកស្រុក តាមសេចក្ដីដំណាលព្រះបាទឧលោ តាមចាប់បានព្រះបាទយសោកេរ្ដិ៍នៅទីតាំងប្រាសាទនេះក្នុងន័យតាមទាន់ " ប្រាសាទតាមទាន់ ឬប្រាសាទតាមាន់"។ ដូច្នេះប្រាសាទតាមាន់ធំ កសាងទ្បើងដើម្បីឧទ្ទិសដល់ព្រះសិវក្នុងទម្រង់ជា"សិវបាទបស្ចឹម"ឬ"សិវបាទខាងលិច" រីឯប្រាសាទនាគបួស កសាងទ្បើងនៅខាងកើតជួរភ្នំដងរែក ស្ថិតនៅឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ឧទ្ទិសដល់"សិវបាទបូព៌"ឬ "សិវបាទខាងកើត"៕