(ភ្នំពេញ)៖ នាឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹម ដល់យុវជន» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាច់ចេញការអំពាវនាវចំនួន ៦ចំណុច សំដៅចូលរួមផ្សព្វផ្សាយដល់សាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

តាមរយៈសាលិខិតអបអរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំរៀបចំទិវាជាតិនេះឡើង ព្រមទាំងសូមកោតសរសើរ ដល់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត សហគ្រាស គ្រឹះស្ថាន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិង វិជ្ជាជីវៈសាធារណៈ ឯកជន អង្គការ សមាគម និងដៃគូអភិវឌ្ឍ ជាពិសេសវិស័យឯកជន ដែលបានផ្តល់កិច្ចសហការ គាំទ្រ និងចូលរួមក្នុងទិវាជាតិនេះ ទាំងនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត

បន្ថែមពីនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធដូចជា៖

* ទី១៖ ចូលរួមផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។

* ទី២៖ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី ចូលរួមសហការគាំទ្រ និងផ្សព្វផ្សាយជំរុញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារ ក្រីក្រនិងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់។

* ទី៣៖ គ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាំងអស់ ជំរុញបង្កើនសមត្ថភាពគ្រូ បច្ចេកទេស កសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានសិក្សា បំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារៈបណ្តុះបណ្តាល។

* ទី៤៖ ដៃគូអភិវឌ្ឍនិងវិស័យឯកជន បន្តជួយគាំទ្រ ដោយពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងកៀរគរ ធនធានពីគ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្តុះបណ្តាល
បច្ចេកទេសនិងវិជ្ជាជីវៈ និងផ្តល់ឱកាសដល់សិក្ខាកាម សិស្ស និស្សិត បានហាត់ការ និងចុះកម្មសិក្សា មុននឹងឈានចូលទីផ្សារការងារ។

* ទី៥៖ សហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមគាំទ្រ និងសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្នុងការផ្តល់ឱកាសដល់កម្មករនិយោជិត បានទទួលការបណ្តុះបណ្តាល ផ្លាស់ប្តូរជំនាញ និង បង្កើនជំនាញ និងផលិតភាពការងារ។

* ទី៦៖ មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធនានា ជំរុញកូនចៅឬយុវជន ឱ្យមកចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារ ងាយរងហានិភ័យ ចំនួន១,៥លាននាក់ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលនៅជិតលំនៅឋានកំពុងរស់នៅ ដើម្បីចាប់យកជំនាញវិជ្ជាជីវៈសម្រាប់អនាគតរបស់ពួកគេ៕