(ភ្នំពេញ)៖ នៅថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ២០២៥នេះ គឺ​ជា​ខួប​លើក​ទី​៦៣ ឆ្នាំ​ហើយ ដែល​កម្ពុជា ឈ្នះ​ក្ដី​លើ​ភាគី​ថៃ ពាក់ព័ន្ធ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ ដែល​អំណាច​សាលដីកា​​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​កំណត់​ឱ្យភាគី​ថៃ ត្រូវ​តែ​ដក​យោធា​ និងការគ្រប់គ្រងដែនរដ្ឋបាលទាំងអស់របស់​ខ្លួន​ ចេញ​ពី​តំបន់​មាន​ជម្លោះ​នៅ​ត្រង់​ប្រាសាទ​ព្រះវិហារ (១៥ មិថុនា ឆ្នាំ១៩៦២)។

សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កាល​ពីឆ្នាំ១៩៦២ បាន​ទុក​ពេល១០​ឆ្នាំ​ឲ្យ​ភាគី​​ថៃ តវ៉ាបើ​មិន​សុខចិត្ត​នឹង​សេចក្ដី​សម្រេច​នេះ​ទេ។ ចាប់​តាំង​ពី​អំណាច​សាលដីកា​នេះ​ បាន​ចូល​ជា​ស្ថាពរ គឺ​ភាគី​ថៃ ពុំ​បាន​តវ៉ា​អ្វី​ឡើយ។ ទាក់ទិន​រឿង​នេះ ក្នុង​កិច្ចប្រជុំ​សភា​ថៃ កាល​ពី​ឆ្នាំ​២០០៨ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក សាម៉ាក់ ស៊ុនដារ៉ាវេច (Samak Sundaravej) ថ្លែង​ថា ក្នុង​ចន្លោះ​នៃ​អំណាច​សាលដីកា​នេះ គឺ​​ពុំ​មាន​អ្នក​នយោបាយ​ថៃ តវ៉ា​ប្រឆាំង​សេចក្ដី​សម្រេច​នេះ​ម្ដង​ណា​ឡើយ។ រី​ឯ​ទង់ជាតិ​របស់​កម្ពុជា​វិញ បាន​ដាក់​លើ​ប្រាសាទ​ព្រះវិហារ​នេះ ជាយូរឆ្នាំមកហើយដែល​ពុំ​មាន​ការ​តវ៉ា​អ្វី​សោះ។

ផ្អែក​តាម​យុត្ថាធិការ​នៃ​អំណាច​សាលដីកា​នេះ គឺ​ក្នុង​ចន្លោះ​នៃ​ការ​មិន​តវ៉ា បាន​ន័យ​ថា ភាគី​ដែល​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​គឺ​ជា​ម្ចាស់​ដោយ​ស្របច្បាប់។ ក្នុង​រយៈពេល ៤០​ឆ្នាំ​ក្រោយ​ទើប​ថៃ បង្កើត​តំបន់ ៤.៦​គីឡូម៉ែត្រ​ក្រឡា ជា​ឯកតោ​ភាគី ដោយ​ចាត់​ទុក​ថា ដី​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ថៃ។ ជម្លោះ​ព្រំដែន​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ ក៏​បាន​កើត​ឡើង​ម្ដង​ទៀត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ ក្រោយ​ពេល​ទាហាន​ថៃមួយចំនួន បាន​ចូល​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ។

ជម្លោះ​ប្រាសាទ​ព្រះវិហារ បាន​កើត​ឡើង​ជាថ្មី បន្ទាប់​ពី​អង្គការ​យូណេស្កូ (NESCO) បាន​ដាក់​​បញ្ចូល​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

កងទ័ព​កម្ពុជា និង​ថៃ បាន​​ផ្ទុះ​អាវុធ​ជា​ច្រើន​លើក បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ទាំង​សង្ខាង។ ក្រោយ​ពី​មាន​ជម្លោះ​យោធា​ដ៏​តានតឹង កម្ពុជា​សម្រេច​បញ្ជូន​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ឲ្យ​បកស្រាយ​សាលដីកា​កាល​ឆ្នាំ​១៩៦២ ឡើង​វិញ ក្នុង​ពេល​ដែល​កម្ពុជា ទទួល​បាន​ជ័យជំនះ​ម្ដង​រួច​មក​ហើយ កាល​ពីជាង៥០ឆ្នាំ​មុន ជុំវិញ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ លើ​ភាគី​ថៃ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ ក៏​បាន​ប្រកាស​សាលដីកា​ស្ដីពី​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ភ្លាម​ដែរ ក្រោយ​ពេល​តុលាការ​នេះ​បាន​បើក​សវនាការ ​ស្ដាប់​ការ​បកស្រាយ​ដោយ​ផ្ទាល់​មាត់​ពី​តំណាង​រដ្ឋាភិបាល​កម្ពុជា និង​ថៃ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣។ ដោយ​អំណាច​សាលដីកា​នេះ គឺ​តុលាការ​បាន​បង្គាប់​ឲ្យ​ថៃ​ ត្រូវ​ដកទ័ព​​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនសំណុំរឿងពាក់ព័ន្ធវិវាទព្រំដែនជាមួយថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិជាថ្មីទៀត។ វិវាទព្រំដែនដែលកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិពេលនេះ រួមមានប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបី។

បើរំលឹកប្រវត្តិទាក់ទងជម្លោះនៅប្រាសាទព្រះវិហារវិញ គឺចាប់ផ្ដើមផ្ទុះខ្លាំងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាទើបទទួលបានឯករាជ្យពីបារាំង ដោយកាលនោះភាគីថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្ដេចនរោត្តមសីហនុ បានសម្រេចព្រះទ័យដាក់ពាក្យបណ្ដឹងប្រឆាំងនឹងថៃទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ក្រុងឡេអេ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារ មកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទព្រះវិហារ។

ពាក្យបណ្ដឹងនោះមានភ្ជាប់នូវឯកសារ«ឧបសម្ព័ន្ធ»ជាច្រើនហើយឧបសម័ន្ធដែលសំខាន់ជាងគេបំផុតនោះគឺ «ផែនទីដែលរៀបចំឡើងដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម» ដែលហៅថា“ផែនទីឧបសម្ព័ន្ធ១”(Map Annex I)។ នៅក្នុងការជំនុំជម្រះលើអង្គសេចក្ដីនោះ កម្ពុជា និងថៃ បានលើកបង្ហាញទឡ្ហីកររៀងៗខ្លួនដើម្បីទាមទារជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ។ សម្រាប់កម្ពុជាបានលើកយកផែនទីដងរែក(ផែនទីឧបសម្ព័ន្ធទី១)ដែលជាផែនទីកើតចេញពីសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ មកធ្វើជាមូលដ្ឋានច្បាប់។ តាមរយៈបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី១នេះ បង្ហាញថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា។

ឆ្លងកាត់ការស្រាវជ្រាវអង្គចៅក្រមរបស់តុលាកានេះ បានពិនិត្យឃើញថាផែនទីឧបសម្ព័ន្ធទី១ គឺស្ថិតក្នុងចំណោមផែនទីទាំង១១ផ្ទាំង ដែលត្រូវបានបោះពុម្ព និងផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយ។ផែនទីនេះត្រូវបានចែកចាយទៅឱ្យរដ្ឋាភិបាលបារាំងផង រដ្ឋាភិបាលសៀមផង និងទៅឱ្យក្រុមអ្នកជំនាញខាងភូមិសាស្រ្តផង ទាំងអ្នកភូមិសាស្រ្តបារាំង អ្នកភូមិសាស្ត្រសៀម និងអ្នកភូមិសាស្ត្រធំៗនៅក្នុងតំបន់។លើសពីនេះទៅទៀត ផែនទីឧបសម្ព័ន្ធទី១ ក៏ត្រូវបានរដ្ឋាភិបាលថៃចែកចាយទៅតម្កល់ទុកនៅឯស្ថានតំណាងរបស់ថៃប្រចាំប្រទេសធំៗមួយចំនួន រួមមានអង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក។

ឆ្លងកាត់ការផ្សព្វផ្សាយយ៉ាងទូលំទូលាយបែបនេះ ថៃមិនអាចអះអាងថាខ្លួន មិនបានដឹងមិនបានទទួលស្គាល់ផែនទីឧបសម្ព័ន្ធទី១ បានទេ។ ភស្តុតាងដ៏ជាក់ច្បាស់មួយទៀត គឺចាប់ពីខែមីនា ឆ្នាំ១៩០៩ គណៈកម្មការចម្រុះបារាំង-សៀម បានជួបប្រជុំគ្នាជាច្រើនខែ នៅទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំនេះមានគោលដៅរៀបចំចងក្រងផែនទីទាំងអស់ ធ្វើជាឯកសារតែមួយ និងកំណត់អំពីពាក្យទាំងអស់ដែលត្រូវប្រើនៅក្នុងផែនទីទាំងនេះ ដើម្បីឱ្យស៊ីសង្វាក់គ្នា រវាងភាសាបារាំង និងភាសាថៃ។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនទីនេះ ថៃមិនដែលតវ៉ាជំទាស់នឹងខ្សែបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី១នេះទេ។ ម្យ៉ាងវិញទៀតការដែលថៃលើកឡើងថា ខ្លួនមានការភាន់ច្រឡំ ហើយមើលមិនឃើញពីភាពមិនប្រក្រតីនៅលើផែនទីដងរែកក៏ជារឿងមិនសមហេតុផលដែរ ពីព្រោះថា គ្រាន់តែគេមើលផែនទីឧបសម្ព័ន្ធទី១ គេអាចមើលឃើញយ៉ាងច្បាស់អំពីតំបន់ប្រាសាទព្រះវិហារ មិនអាចចន្លោះបានទេ។ នៅលើផែនទីនេះ ទីតាំងប្រាសាទព្រះវិហារ ត្រូវបានកំណត់ដោយសញ្ញាសម្គាល់យ៉ាងច្បាស់ដែលមានរាងជាប្លង់តួប្រាសាទនិងជណ្តើរប្រាសាទ។ ចំណែកខ្សែបន្ទាត់ព្រំដែនត្រូវបានគេគូសបង្ហាញយ៉ាងច្បាស់នៅខាងជើងប្រាសាទព្រះវិហារហើយមិនត្រូវនឹងខ្សែបែងចែកផ្លូវទឹកទេ។ ដូច្នេះវាជារឿងដែលមិនអាចទៅរួចទេ ដែលថាអ្នកដែលបានមើលផែនទីនេះហើយ តែមើលមិនឃើញអំពីចំណុចនេះ។

លើសពីនេះទៅទៀត ខាងភាគីថៃអ្នកដែលបានឃើញផែនទីឧបសម្ព័ន្ធទី១នេះ(ដូចជារដ្ឋមន្ត្រីក្រសួងការបរទេស,រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ,សមាជិកគណៈកម្មការចម្រុះបារាំង-សៀម,ព្រមទាំងអភិបាលខេត្តនៅជាប់នឹងតំបន់ប្រាសាទព្រះវិហារ) សុទ្ធសឹងជាអ្នកដែលមានជំនាញខាងភូមិសាស្រ្ត និងស្គាល់ភូមិសាស្រ្តនៅតំបន់ព្រះវិហារយ៉ាងច្បាស់លាស់។ ដូច្នេះវាកាន់តែមិនអាចទៅរួចទៅទៀតដែលថា អ្នកទាំងនេះមិនអាចមើលដឹងថានៅក្នុងផែនទីឧបសម្ព័ន្ធទី១ ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីកម្ពុជា។
តាមរយៈហេតុផលទាំងនេះ តុលាការបានកំណត់ថា នៅតំបន់ប្រាសាទព្រះវិហារព្រំដែនស្របច្បាប់រវាងកម្ពុជានិងថៃគឺ ខ្សែបន្ទាត់ព្រំដែន ដែលមានគូសនៅលើផែនទីឧបសម្ព័ន្ធទី១ មិនមែនខ្សែបែងចែកផ្លូវទឹកដូចការទាមទាររបស់ថៃនោះទេ។

ជាចុងក្រោយ ដោយយោងលើសេចក្ដីស្នើរសុំឱ្យវិនិច្ឆ័យ ដែលបានដាក់ជូនតុលាការនៅពេលបញ្ចប់នីតិវិធីទាញហេតុផលផ្ទាល់មាត់ ដែលបានចង្អុលបង្ហាញនៅក្នុងសេចក្ដីផ្ដើម នៃសាលដីកានេះ តុលាការរកឃើញថា សេចក្ដីស្នើរសុំឱ្យវិនិច្ឆ័យលើកទី១ និងលើកទី២របស់កម្ពុជា ដែលសុំឱ្យប្រកាសនូវឋានៈតាមផ្លូវច្បាប់នៃផែនទីឧបសម្ព័ន្ធទី១ និងខ្សែព្រំដែននៅក្នុងតំបន់ជម្លោះ គឺអាចទទួលយកមកពិចារណាបានតែក្នុងលក្ខខណ្ឌថា សេចក្ដីស្នើរសុំឱ្យវិនិច្ឆ័យទាំងនេះ មានបញ្ជាក់ពីមូលហេតុ ហើយមិនមែនជាការទាមទារដែលត្រូវយកមកដោះស្រាយនៅក្នុងបញ្ញាត្តិអនុវត្តនៃសាលដីកានេះទេ។ ម្យ៉ាងទៀតតុលាការរកឃើញថាក្រោយពីបានលើកឡើងនូវការទាមទាររបស់ខ្លួន ពាក់ព័ន្ធនឹងអធិបតេយ្យលើប្រាសាទព្រះវិហារ ថៃបានលើកឡើងនៅក្នុងសេចក្ដីស្នើរសុំឱ្យវិនិច្ឆ័យរបស់ខ្លួនត្រឹមតែអំណះអំណាង និងការបដិសេធដែលជំទាស់ទៅនឹងការតវ៉ារបស់ភាគីកម្ពុជាប៉ុណ្ណោះ។
នៅចំពោះមុខនៃបណ្ដឹងទាមទារដែលបានដាក់ជូនតុលាការដោយ កម្ពុជា និងថៃ ទាក់ទងនឹងដែនអធិបតេយ្យភាពលើប្រាសាទព្រះវិហារដែលនាំឱ្យមានជម្លោះរវាងប្រទេសទាំងពីរនេះ ទីបំផុតតុលាការក្រុងឡាអេ បានគាំទ្រលើកម្ពុជានិងសម្រេចសេចក្តីថា៖
•ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា ដែលសមាសភាពនៅក្នុងការសម្រេចក្តីអនុម័តដោយ៩សំឡេង ទល់នឹង៣។
•ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា ដែលអនុម័តដោយ ៩សំឡេងទល់នឹង៣។
•ថៃត្រូវប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញ នូវរាល់វត្ថុបុរាណដូចជា រូបចម្លាក់ សិលាចារឹក គ្រឿងចានឆ្នាំងធ្វើអំពីដី។ល។ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទចាប់តាំងពីឆ្នាំ១៩៥៤ មកដែលអនុម័តដោយ៧សំឡេង ទល់នឹង៥។
សូមជម្រាបជូនថា រឿងក្ដីទាក់ទងទៅនឹងប្រាសាទព្រះវិហារប្រព្រឹត្ដទៅអស់រយៈពេលជិត៣ឆ្នាំ ហើយនៅទីបញ្ចប់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការអន្ដរជាតិក្រុងឡាអេ បានសម្រេចឱ្យប្រទេសកម្ពុជាទទួលជ័យជម្នះ។

នៅពេលដល់ថ្ងៃទី១៥មិថុនានេះជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបានរៀបចំពិធីដែលមានការចូលរួមពីប្រជាពលរដ្ឋរំលឹកឡើងវិញ អំពីជោគជ័យដែលកម្ពុជាទទួលបានសិទ្ធិ ជាម្ចាស់លើប្រាសាទព្រះវិហារនេះក៏ដើម្បីឱ្យកូនខ្មែរចងចាំ និងមានស្មារតីរក្សាការពារមរកតដ៏ថ្លៃថ្លានេះ៕