(លីវើភូល)៖ ក្រុមជើងឯកលីគអង់គ្លេស Liverpool បានព្រមព្រៀងចំពោះតម្លៃផ្ទេរប្រមាណ ១១៦លានផោន ជាមួយ Bayer Leverkusen របស់អាល្លឹម៉ង់ ចំពោះខ្សែបម្រើប្រយុទ្ធ Florian Wirtz នាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
មែនទែនទៅ តម្លៃផ្ទេរជាក់ស្តែងមានតែ ១០០លានផោនតែប៉ុណ្ណោះ និងបូកបន្ថែមប្រាប់ផ្សេងៗទៀត កើនដល់ ១១៦លានផោន ដើម្បីផ្ទេរកីឡាករអន្តរជាតិអាល្លឺម៉ង់ ដែលបានចូលរួមជាមួយ Leverkusen តាំងពីរូបគេមានអាយុទើប ១៦ឆ្នាំមកម្ល៉េះ។
ចំនួនទឹកប្រាក់បន្ថែមចំនួន ១៦លានផោន Liverpool ត្រូវបង់ទៅ Leverkusen ក្រោមលក្ខខណ្ឌដរាបណា ហង្សក្រហមទទួលបានជោគជ័យ និងបំបែកកំណត់ត្រាណាមួយនៅអង់គ្លេសជាដាច់ខាត។
នេះមានន័យថា តម្លៃផ្ទេរ ១០០លានផោននេះ នៅទាបជាង Chelsea ទិញខ្សែបម្រើដូចគ្នា Enzo Fernandez ពីក្លិប Benfica កាលឆ្នាំ២០២៣ ក្នុងតម្លៃប្រមាណ ១០៧លានផោន និងកីឡាករ Moises Caicedo ពីក្លិបរួមលីក Brighton ក្នុងតម្លៃ ១០០លានផោនដូចគ្នា និងអាចឈានដល់ ១១៥លានផោនថែមទៀតផង៕