(កំពង់ឆ្នាំង)៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាស្ដីពី «ការលើកកម្ពស់ផលិតផលខ្មែរ» ក្រោមអធិបតីភាពលោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងលោក យ៉ង់ ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងឱកាសនោះ លោក យ៉ង់ ភិរម្យ បានលើកឡើងដោយសម្ដែងនូវការគាំទ្រអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដោយបានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរពាណិជ្ជកម្មខេត្ត និងបានរៀបចំឲ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ដើម្បីពង្រឹង និងអភិវឌ្ឍន៍ក្នុងវិស័យសេដ្ឋកិច្ច ឲ្យមានភាពរីកចម្រើន។
លោកបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ឆ្នាំង ទាំងរយៈពេលកន្លងមក និងបច្ចុប្បន្នបានយកអស់ពីកម្លាំងកាយចិត្តរិះរកនូវគ្រប់មធ្យោបាយ ដើម្បីប្រែក្លាយទឹកដីដ៏ពិសិដ្ឋមួយនេះឲ្យក្លាយជាទីមនោរម្យ សម្រាប់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចពេញលេញរបស់ប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីឆ្ពោះទៅសម្រេចឲ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដោយឡែកសិក្ខាសាលាស្ដីពី «ការលើកកម្ពស់ផលិតផលខ្មែរ» ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធនាឱកាសនេះ នឹងជួយផ្ដល់ព័ត៌មានអំពីឱកាសទីផ្សារថ្មីៗ ចែករំលែកបទពិសោធន៍ល្អៗ និងស្វែងរកដៃគូសហការធ្វើអាជីវកម្ម ជាពិសេសផ្ដល់យុទ្ធសាស្ត្រ ក្នុងការធ្វើអាជីវកម្មស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា នៃការធ្វើអាជីវកម្មតាមគន្លងប្រក្រតីភាពថ្មី នៃសម័យបច្ចេកវិទ្យា ដូចជាផលដើម្បីជំរុញការធ្វើពាណិជ្ជកម្មលើគ្រប់វិស័យរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ឲ្យកាន់តែមានវឌ្ឍនភាពបន្ថែមទៀត។
ដោយឡែក លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវសោមនស្សរីករាយយ៉ាងក្រៃលែងដោយបានចូលរួម ជាគណៈអធិបតីក្នុងសិក្ខាសាលាស្ដីពី «ការលើកកម្ពស់ផលិតផលខ្មែរ» និងសូមសម្ដែងនូវការអបអរសាទរ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក-លោកស្រី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង វាគ្មិនតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ លោក-លោក ស្រីអាជីវករ ពាណិជ្ជករ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញមកចូលរួមនៅក្នុងសិក្ខាសាលានាថ្ងៃនេះ។
ក្នុងនាមលោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ដូចជារូបលោកផ្ទាល់ សូមសម្ដែងនូវការកោតសរសើរដល់មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើងនាថ្ងៃនេះ។
លោកបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺការអភិវឌ្ឍមូលធនមនុស្ស និងការបង្កើនការប្រកួតប្រជែង ការអភិវឌ្ឍន៍វិស័យឯកជន និងការងារការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល។
បើទោះជាសិក្ខាសាលានេះ មានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែជាការរួមចំណែកជំរុញផលិតផលសក្តានុពលរបស់ខេត្ត ចូលទៅក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេស ហើយជាព័ត៌មានបឋម ដើម្បីត្រួសត្រាយផ្លូវជូនផលិតករ សិប្បករ សេវាករ សមាគម និស្សិត ទុកជាទុនសម្រាប់ការអភិវឌ្ឍអាជីវកម្ម ស្របតាមតម្រូវការទីផ្សារពេលបច្ចុប្បន្ន និងអនាគត។ លោកក៏សំណូមពរដល់អ្នកប្រើប្រាស់គ្រប់រូប សូមបន្តគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ដើម្បីជួយលើកទឹកចិត្តដល់ផលិតករខ្មែរ និងបង្កើនការផ្ដល់ទំនុកចិត្តដល់ប្រជាជនកម្ពុជា និងទេសចរណ៍បរទេស ព្រមទាំងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ការចូលរួមលើកកម្ពស់ផលិតផលខ្មែរ គឺជាការលើកកម្ពស់សេដ្ឋកិច្ចជាតិ៕